កម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធតេក្វាន់ដូអាស៊ី (ATF) នៅប្រទេសម៉ុងហ្គោលីកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាទទួលបានការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨ (12th Asian Taekwon-Do Championship) លើសបេក្ខភាព២ប្រទេសទៀត គឺអ៊ូសបេគីស្ថាន និងកៀហ្ស៊ីគីស្ថាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសង្កត់ធ្ងន់បែបនេះថា៖ «ការទទួលបានទំនុកចិត្តពេញទំហឹងនេះ ដោយសារបណ្តាប្រទេសក្នុងតំបន់អាស៊ីបានឃើញយ៉ាងច្បាស់ពីភាពជោគជ័យ និងសមត្ថភាពរៀបចំកម្រិតខ្ពស់របស់កម្ពុជា កាលពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កន្លងមក។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ មិនត្រឹមតែជាមោទនភាពជាតិ និងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង»។

គួរបញ្ជាក់ថា កិច្ចប្រជុំមហាសន្និបាតសហព័ន្ធតេក្វាន់ដូអាស៊ី (ATF) នៅប្រទេសម៉ុងហ្គោលី ធ្វើឡើងក្នុងឱកាសរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ ពីថ្ងៃទី០៣-០៩ ខែសីហា ឆ្នាំ២០២៦ ខណៈសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជូនប្រតិភូកីឡារបស់ខ្លួន សរុប ៤៧នាក់ ក្នុងនោះមានកីឡាករ កីឡាការិនីថ្នាល និងឈុតធំ ៣២នាក់។ តាមការបញ្ជាក់របស់លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែសីហានេះ អត្តពលិកកម្ពុជាវ័យក្មេងត្រូវចូលរួមប្រកួតលើវិញ្ញាសាមេគុន ស្របពេលអត្តពលិកកម្ពុជាផ្នែកប្រយុទ្ធក៏បានចូលរួមការថ្លឹងទម្ងន់រួចរាល់ផងដែរ ត្រៀមប្រកួតនៅពេលបន្តបន្ទាប់៕


ដោយ ហេង ណាលីន (រូបភាព៖ ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា)





