សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់រដ្ឋបាលសាធារណៈជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព
AKP សៀមរាប ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកែទម្រង់រដ្ឋបាលសាធារណៈគឺជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទ "នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នៅកម្ពុជាការកែទម្រង់រដ្ឋបាលសាធារណៈ ជាការកែទម្រង់អន្តរវិស័យសំខាន់មួយនៅក្នុងចំណោមការកែទម្រង់សំខាន់ៗចំនួន៥ ។

សម្តេចធិបតីមានប្រសាសន៍បន្តថា វិស័យទាំង៥នោះរួមមាន ៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ , ការកែទម្រង់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ , ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ , ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់ច្បាប់ ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ការកែទម្រង់លើវិស័យសំខាន់ៗទាំងនេះ សុទ្ធសឹងតែមានសារៈសំខាន់សម្រាប់ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “ការកែទម្រង់ទាំងនេះ បាននាំមកនូវវឌ្ឍនភាពជាក់ស្តែងគួរឱ្យកត់សម្គាល់ តាមរយៈការលើកកម្ពស់គុណភាពនៃការជ្រើសរើសមន្រ្តីរាជការ ការពង្រឹងសមិទ្ធកម្មស្ថាប័ននិងស្តង់ដារវិជ្ជាជីវៈ ព្រមទាំងកសាងប្រព័ន្ធលើកទឹកចិត្តផ្នែកលើសមិទ្ធកម្មដែលកាន់តែមានប្រសិទ្ធភាព” ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ទៀតថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជាត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្រ្ដរបស់កម្ពុជា ក្នុងការស្ដារឡើងវិញ នូវការកសាងជាតិ និងការកសាងសន្ដិភាព៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





