សុខភាពបឋមនៅតាមមណ្ឌលសុខភាពគឺជាការសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីជំងឺធ្ងន់ដោយមិនអស់ចំណាយច្រើន
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សុខភាពបឋមនៅតាមមណ្ឌលសុខភាព គឺជាការសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីជំងឺធ្ងន់ដោយមិនអស់ចំណាយច្រើន។
ក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៦ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត និងភាគីពាក់ព័ន្ធទាំងអស់បន្តត្រៀមខ្លួនទុកជាមុនសម្រាប់ហានិភ័យដែលអាចកើតមានទាក់ទងនឹងស្ថានភាពនៃការផ្ទុះជំងឺគ្រុនឈាម និងត្រូវបង្កើនសកម្មភាពដាក់ថ្នាំអាបែតនៅតាមប្រភពទឹក ដែលជាជម្រកមូស នៅក្នុងសហគមន៍។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យបានរំលឹកពីមុខងាររបស់មណ្ឌលសុខភាព ដែលជាច្រកទ្វារដំបូងសម្រាប់ឲ្យប្រជាជនចូលមកប្រើប្រាស់សេវាសុខាភិបាល ហើយមន្ត្រីសុខាភិបាលទាំងអស់ ត្រូវរៀបចំឥរិយាបទក្នុងការព្យាបាល និងបច្ចេកទេសសង្គ្រោះឲ្យសមស្របទៅនឹងកាលៈទេសៈដោយផ្តោតលើសុវត្ថិភាពអ្នកជំងឺ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកនូវសេចក្តីសន្និដ្ឋានអំពីភាពជាអ្នកដឹកនាំដែលនាំឱ្យសម្រេចការងារបានល្អប្រសើរ និងដាក់ចេញជាសំណួរសម្រាប់ឆ្លុះបញ្ចាំងជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់កម្រិតយកទៅពិចារណា និងប្រើប្រាស់ទៅតាមការងារជាក់ស្តែង។
ជាមួយគ្នានេះ មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ក៏បានចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវាសុខាភិបាលដើម្បីក្លាយជាមណ្ឌលសុខភាពគំរូ ២០២៥ ដែលលទ្ធផលល្អនេះ បានមកពីការសាមគ្គីគ្នារវាងបុគ្គលិក ការផ្តល់គំនិត និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្ត និងមន្ទីរសុខាភិបាល ព្រមទាំងការប្រើប្រាស់ភាពជាអ្នកដឹកនាំ របស់បុគ្គលិកមណ្ឌលសុខភាពម្នាក់ៗ។

សូមជម្រាបជូនថា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៦ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៨៤៩ នាក់៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





