ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរជាបន្ទាន់ បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវបំពុលបរិស្ថាននៅក្នុងស្រុកទឹកឈូ ខេត្តកំពត
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦–ក្រុមហ៊ុនមួយដែលមានឈ្មោះ ROYAL CERA CO., LTD. ជាប្រភេទរោងចក្រផលិតផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ ដែលមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពតត្រូវបានក្រសួងបរិស្ថានផ្អាកដំណើរជាបន្ទាន់ បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវមានសារជាតិបំពុលរួចមក។

ក្រសួងបរិស្ថានបានឱ្យដឹងថាក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២៦ និងមន្រ្តីពាក់ព័ន្ធបានធ្វើការចុះត្រួតពិនិត្យនិងបានរកឃើញការបំពុលបរិស្ថាន។ក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពខាងក្រៅក្រុមហ៊ុន និងបានរកឃើញមានសំណល់រាវ ដក់នៅដីចម្ការស្វាយរបស់ប្រជាពលរដ្ឋ និងស្លាកស្នាមសំណល់រាវហូរចាក់ទៅជ្រលងអូរតាមដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដើមស្វាយជាច្រើនដើមរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់។

ប្រភពខាងលើនេះបានបញ្ជាក់ថា នៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញ ថាក្រុមហ៊ុនបានដំណើរការ ដោយគ្មានបំពាក់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្ហូរសំណល់រាវចូលដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនបានទុកដាក់ សំណល់ផេះ បរិមាណ ១៨០គីឡូក្រាម/ថ្ងៃ មិនត្រឹមត្រូវ ដោយយកមកចាក់លុបរណ្ដៅទឹក ក្នុងបរិវេណដីក្រុមហ៊ុន និងមានសំណល់រាវចេញពីទីតាំងឡចំហាយ និងកន្លែងបាញ់ថ្នាំការ៉ូ ប្រមាណ ៣ម៉ែត្រគូប/ថ្ងៃ មានប្រេងលាយឡំ ត្រូវបានបង្ហូរ តាមបណ្ដោយប្រឡាយដីចូលស្រះស្ដុក និងបាចសាចលើដី ប្រមាណ២ហិកតា ក្នុងបរិវេណរោងចក្រ។ បន្ទាប់មកក្រុមការងារបានពិនិត្យឃើញថា សំណល់ធុងថ្នាំ ប្រហែល ២០ធុង/ថ្ងៃ ត្រូវបានដាក់គរនៅទីវាល។ លើសពីនេះក្រុមហ៊ុន បានដំណើរការដោយមិនទាន់ រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងរួចរាល់ និងពុំទាន់មានខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

កន្លងមកក្រុមហ៊ុនបានជួលឱ្យបុគ្គល ឈ្មោះ លឹម ញន ដឹកសំណល់រាវចេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសំណល់ពីក្រសួងបរិស្ថាន និងបានយកសំណល់រាវ ទៅចាក់ចោលពាសវាលពាសកាល នៅតាមជើងភ្នំ បង្កឱ្យហូរចូលប្រភពទឹកសាធារណៈ ប៉ះពាល់គុណភាពទឹក និងជីវចម្រុះ និងមានក្លិនឈ្ងៀមយ៉ាងខ្លាំង។ ជាក់ស្តែងក្រុមការងារបានធ្វើការតេស្តបឋម ឃើញថា pH=4.46 (ពុំអនុលោមតាមស្ដង់ដារកំណត់នោះទេ) និងបានយកសំណាកសំណល់រាវចំនួន១ សំណាកមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ឃើញមានស្លាកស្នាមហូរសំណល់រាវចាក់ចូលទៅអូរ ដែលស្ថិតនៅក្បែររណ្ដៅចាក់សំណល់រាវ ចម្ងាយប្រមាណ ៥០០ម៉ែត្រ។ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ជាបន្ទាន់ចំពោះក្រុមហ៊ុន
១. ត្រូវផ្អាកដំណើរការក្រុមហ៊ុនជាបន្ទាន់ទោះរូបភាពណាក៏ដោយ។
២. ត្រូវបូមសំណល់រាវដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្នវិញ ឱ្យបានរួចរាល់មុនថ្ងៃទី១០ ថ្ងៃសីហា ឆ្នាំ២០២៦។ ការងារនេះ ប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធតាមដានការអនុវត្តរបស់ក្រុមហ៊ុន។
៣. ត្រូវធ្វើការស្ដារប្រឡាយ ដែលក្រសួងធនធានទឹក និងឧតុនិយមបានជីក ឱ្យវិលទៅរកសភាពដើមវិញ។
៤. ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៥. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។
៦. ត្រូវគ្រប់គ្រងសំណល់រឹង និងទុកដាក់ធ្យូងថ្ម ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៧. ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ ១៦១ មាត្រា១៧៣ និងមាត្រា២៨៧ និង៦៦៨ អនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។
៨. ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ៕
ដោយ៖មករា





