ក្រសួងអប់រំនឹងដាក់បង្ហាញស្នាដៃគំនូររចនារបស់មហាជនជាការអបអរសាទរខួបលើកទី២៩ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជូនដំណឹងស្តីពីការចូលរួមដាក់បង្ហាញស្នាដៃគំនូររចនា ក្រោមប្រធានបទ៖ “គ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១ ជាការអបអរសាទរខួបលើកទី២៩ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦។
ក្នុងសេចក្តីជូនដំណឹង ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបដល់សាធារណជន សិស្ស និស្សិត និងអ្នកស្នេហាវិស័យសិល្បៈគំនូររចនាទាំងអស់ថា ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងនឹងរៀបចំពិព័រណ៌ស្នាដៃគំនូរ រចនាមួយ ដែលជាកម្មវិធីអមសម្រាប់ព្រឹត្តិការណ៍ទិវាគ្រូបង្រៀនទាំងមូល។ ពិព័រណ៌ស្នាដៃគំនូរនេះ ជាវេទិកាសម្រាប់សាធារណជន សិស្ស និស្សិត និងអ្នកស្នេហាវិស័យសិល្បៈគំនូររចនាទាំងអស់អាចបង្កើតនិងដាក់បង្ហាញជាលក្ខណៈវិចិត្រសាលបើកទូលាយនូវស្នាដៃសិល្បៈចំនួន ២ប្រភេទ រួមមាន ៖ ១. រូបគំនូរតំណាងនៃព្រឹត្តិការណ៍ទិវាគ្រូបង្រៀន ដែលមិនត្រឹមតែជានិមិត្តសញ្ញា (Logo) នៃព្រឹត្តិការណ៍ទិវាគ្រូបង្រៀនប៉ុណ្ណោះទេ តែជាគំនូរបង្ហាញពីអត្ថន័យនៃប្រធានបទប្រចាំឆ្នាំទាំងមូល។ ២. អក្សររចនានៅលើជញ្ជាំង (Graffiti) ដែលជាការយកពាក្យ “គ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បី
កសាងធនធានមនុស្សសតវត្សរ៍ទី២១” មករចនាអមជាមួយរូបភាព ឬការរចនាសិល្បៈផ្សេងៗបន្ថែមទៀតនៅផ្ទាំងខាងក្រោយ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា ការរៀបចំកម្មវិធីដាក់បង្ហាញស្នាដៃគំនូររចនានេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតី និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃទិវាគ្រូបង្រៀន ព្រមទាំងចូលរួមអបអរសាទរព្រឹត្តិការណ៍នេះឱ្យកាន់តែមានអត្ថន័យជ្រាលជ្រៅ និងផ្តល់ជាវេទិកាមួយក្នុងការសម្តែងនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកគ្រូ អ្នកគ្រូនៅទូទាំងប្រទេស តាមរយៈការច្នៃប្រឌិតស្នាដៃសិល្បៈគំនូររចនា ដែលឆ្លុះបញ្ចាំងពីគុណតម្លៃគ្រូ ស្របតាមប្រធានបទប្រចាំឆ្នាំ។
ចំពោះលក្ខខណ្ឌនៃការចូលរួម បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមត្រូវអនុវត្តតាមលក្ខខណ្ឌលម្អិតដូចជា ស្នាដៃដែលយកមកចូលរួមត្រូវតែជាស្នាដៃដើម ដែលបង្កើតឡើងដោយគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់បេក្ខជន ឬក្រុមបេក្ខជន។ ហាមដាច់ខាតការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Al - Artificial Intelligence) ក្នុងការបង្កើត ឬគូររូបភាពទាំងស្រុងនៃស្នាដៃ។ រាល់ស្នាដៃដែលរកឃើញថាបានប្រើប្រាស់ AI នឹងមិនត្រូវបានទទួលស្គាល់ និងត្រូវបានដកចេញពីវិចិត្រសាលដោយស្វ័យប្រវត្តិ។ ក្នុងករណីដែលស្នាដៃមានការដកស្រង់យកលំនាំតាម ឬទទួលបានការបំផុសគំនិត (Inspired) ពីស្នាដៃសិល្បៈចាស់ៗ ឬស្នាដៃរបស់អ្នកដទៃ បេក្ខជនត្រូវតែបញ្ជាក់ឱ្យបានច្បាស់លាស់អំពីប្រភពដើម និងម្ចាស់ស្នាដៃដើមនោះ ដើម្បីជៀសវាងការរំលោភកម្មសិទ្ធិបញ្ញា និងជាការផ្តល់តម្លៃដល់ម្ចាស់ស្នាដៃដើម។ ខ្លឹមសារ និងអត្ថន័យនៃស្នាដៃត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងប្រធានបទ៖ “គ្រូបង្រៀនជាសសរស្តម្ភនៃគរុ កោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១” និងមិនត្រូវមានខ្លឹមសារពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍ សាសនា ឬផ្ទុយពីសីលធម៌ និងទំនៀមទម្លាប់ ប្រពៃណីជាតិឡើយ។ បេក្ខជនម្នាក់ៗ ឬមួយក្រុមអាចមានសិទ្ធិបញ្ជូនស្នាដៃចូលរួមច្រើនជាងមួយ ដោយបែងចែកតាមប្រភេទស្នាដៃនីមួយៗបាន៕



ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





