ទ្វីបអាហ្វ្រិកនាំមុខគេក្នុងការវិនិយោគលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- ទ្វីបអាហ្វ្រិកនៅតែរក្សាតំណែងរបស់ខ្លួនជាគោលដៅឈានមុខគេសម្រាប់ការវិនិយោគលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយទាក់ទាញការវិនិយោគរបស់ចិនចំនួន ៣៣,៥ពាន់លានដុល្លារអាម៉េរិកដែលកើនឡើង ២៥៤% ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលគម្រោងផលិតកម្ម និងថាមពលបានកើនឡើងយ៉ាងឆាប់រហ័ស ចំពេលដែលមានការផ្លាស់ប្តូរសក្ដានុភាពពាណិជ្ជកម្មជាសកល។
របាយការណ៍មួយដែលបានចេញផ្សាយរួមគ្នាដោយមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតងនៅសាកលវិទ្យាល័យហ្វូដេន ក្នុងទីក្រុងសៀងហៃ និងសាលាពាណិជ្ជកម្មសាកលវិទ្យាល័យឃ្វីនលេនដ៍ ក្នុងប្រទេសអូស្ត្រាលី បាននិយាយថា ការអនុវត្តដ៏រឹងមាំរបស់ទ្វីបអាហ្វ្រិកត្រូវបានជំរុញដោយការវិនិយោគកើនឡើងក្នុងវិស័យផលិតកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។
ប្រទេសអេត្យូពីបានកត់ត្រាកំណើនធំបំផុតនៃការចូលរួមរបស់ BRI នៅទូទាំងពិភពលោក ដោយទាក់ទាញបានជាង ១៨,៩ពាន់លានដុល្លារអាម៉េរិក។
ប្រទេសនៅតំបន់អាហ្វ្រិកខាងកើតមួយនេះ ទទួលបានការវិនិយោគថាមពលចិនធំជាងគេបំផុតរបស់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងអភិវឌ្ឍន៍ថាមពលបៃតងដែលមានតម្លៃជាង ១៤ពាន់លានដុល្លារអាម៉េរិក រវាងគណៈកម្មការវិនិយោគអេត្យូពី និងក្រុមហ៊ុន Ming Yang Smart Energy Group របស់ប្រទេសចិន។
គម្រោងនេះត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការផ្លាស់ប្តូរបៃតងរបស់ប្រទេសអេត្យូពីយ៉ាងខ្លាំង។ នៅក្នុងដំណាក់កាលដំបូង គម្រោងនេះនឹងរួមបញ្ចូលគម្រោងថាមពលកកើតឡើងវិញ ៨,៤ជីហ្គាវ៉ាត់ ដែលមានតម្លៃ៧,៥ពាន់លានដុល្លារអាម៉េរិក ដែលរួមមានទាំងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ។
នៅក្នុងដំណាក់កាលទីពីរ ក្រុមហ៊ុនចិននឹងវិនិយោគបន្ថែមចំនួន៧,៣ពាន់លានដុល្លារអាម៉េរិកទៅលើការផលិតអាម៉ូញាក់បៃតង ក៏ដូចជាការផលិតឧបករណ៍បញ្ជូនអគ្គិសនី និងទួរប៊ីនខ្យល់ផងដែរ។
ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងពន្លឿនការអភិវឌ្ឍឧស្សាហកម្មបង្កើតការងារ សម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងជំរុញប្រាក់ចំណូលប្តូរប្រាក់បរទេស។
យោងតាមរបាយការណ៍នោះ បានឱ្យដឹងថា ប្រទេសអេហ្ស៊ីបក៏បានកត់ត្រានូវការកើនឡើងយ៉ាងខ្លាំងនៃការប្រកាសវិនិយោគរបស់ចិននៅក្នុងឆមាសទីមួយនៃឆ្នាំនេះដែរ ដោយឈានដល់ ១២,២ពាន់លានដុល្លារអាម៉េរិកក្នុងអំឡុងពេលនេះ។
ក្រុមហ៊ុន Xinfeng Steel របស់ប្រទេសចិន កំពុងវិនិយោគទឹកប្រាក់១០ពាន់លានដុល្លារអាម៉េរិកនៅក្នុងប្រទេសអេហ្ស៊ីប ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងផលិតដែកថែបនៅក្នុងតំបន់ឧស្សាហកម្ម Ain Sokhna។រោងចក្រនេះនឹងផ្តោតទៅលើការផលិតដែកថែបរថយន្ត និងផលិតផលដែកថែបឧស្សាហកម្មទ្រង់ទ្រាយធំផ្សេងទៀត។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៣ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មនិងការវិនិយោគនៅទូទាំងទ្វីបអាហ្វ្រិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





