ហ្ស៊កដានីបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ទៅកាន់ស៊ីរី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ ប្រទេសហ្ស៊កដានីបានបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ទៅកាន់ប្រទេសស៊ីរី ដែលដឹកលំនៅដ្ឋានចល័តផលិតរួចជាស្រេចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួន ដើម្បីគាំទ្រដល់ប្រជាជនស៊ីរីដែលរងផលប៉ះពាល់ដោយស្ថានភាពមនុស្សធម៌។
លោក ហូសសេន ស៊ីប្លី (Hussein Shibli) អគ្គលេខាធិការអង្គការJHCO បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្បួនរថយន្តចំនួន ១៦គ្រឿងដែលរៀបចំឡើងដោយអង្គការសប្បុរសធម៌ Hashemite ហ្ស៊កដានី (JHCO) សហការជាមួយកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី-កងទ័ពអារ៉ាប់ បានដឹកជញ្ជូនលំនៅដ្ឋានចល័តដែលផលិតរួចជាស្រេចចំនួន ៣២ គ្រឿង។
លោកបានបន្ថែមថា ប្រទេសហ្ស៊កដានីសហការជាមួយដៃគូក្នុងតំបន់និងអន្តរជាតិ បានបញ្ជូនក្បួនរថយន្តជំនួយជាប្រចាំទៅកាន់ប្រទេសស៊ីរីដោយដឹកអាហារ សម្ភារៈសង្គ្រោះ ថ្នាំពេទ្យ ឧបករណ៍វេជ្ជសាស្ត្រ ម្សៅកញ្ចប់អាហារ រថយន្តសង្គ្រោះបន្ទាន់ និងលំនៅដ្ឋានដែលផលិតរួចជាស្រេច។
យោងតាមលោក ស៊ីប្លី បានឱ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មកប្រទេសហ្ស៊កដានីបានបញ្ជូនក្បួនរថយន្តមនុស្សធម៌ចំនួន ២៣គ្រឿងដែលមានរថយន្តចំនួន ១០៧២គ្រឿងទៅកាន់ប្រទេសស៊ីរី ដើម្បីជួយដោះស្រាយតម្រូវការមនុស្សធម៌៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





