ក្រសួងពាណិជ្ជកម្មសហការជាមួយរដ្ឋបាលខេត្តកែបរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
AKP កែប ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលរៀបចំឡើងនៅសាលប្រជុំតូចសាលាខេត្តកែប កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម លោក លី សាវេត អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ អ្នកនេសាទ និងសិក្ខាកាមជាច្រើនរូប។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម កឹម សុខុន បានគូសបញ្ជាក់ថា ស្ថិតក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញ ដើម្បីនាំកម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមបានបន្តថា ស្របតាមទិសដៅនេះ ក្រសួងពាណិជ្ជកម្មបានរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៥-២០២៨ ដែលមានសកម្មភាពសរុបចំនួន២១៥ និងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ឆ្នាំ២០២៦-២០៣០ ដើម្បីពង្រឹងអភិបាលកិច្ច ក្របខណ្ឌច្បាប់ សមត្ថភាពផលិតករ សំដៅជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការតាមដានប្រភពដើមទំនិញឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា វិស័យកម្មសិទ្ធិបញ្ញាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ ទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងផលិតករ គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំ និងចុះបញ្ជីម៉ាកបានកើនឡើងជាង១៥ម៉ឺនម៉ាក ដែលជាសក្ខីភាពបង្ហាញពីការរីកចម្រើននៃវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

ឯកឧត្តម កឹម សុខុន បានលើកឡើងថា គម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ឯកឧត្តមបានបន្តថា មន្ត្រីជំនាញ និងអ្នកជំនាញការពាក់ព័ន្ធ កំពុងចុះសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីប្រវត្តិ លក្ខណៈពិសេស បច្ចេកទេសនេសាទ និងទិន្នផលរបស់ «ក្តាមសេះកែប» ដើម្បីរៀបចំឯកសារសៀវភៅបន្ទុកឱ្យបានម៉ត់ចត់បំផុត ធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការរក្សាគុណភាព និងប្រភពដើមពិតប្រាកដរបស់ផលិតផល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ចូលរួមផ្តល់មតិយោបល់ និងធាតុចូលលើសេចក្តីព្រាងសៀវភៅបន្ទុក «ក្តាមសេះកែប» ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យ និងរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលក្នុងស្រុករបស់ខេត្តកែបឱ្យកាន់តែមានតម្លៃ និងទទួលស្គាល់ទូលំទូលាយ៕
ដោយ AKP





