លោកជំទាវ ជា ផល្គុន បើកសិក្ខាសាលាស្តីពី«កម្មវិធីគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ»
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--លោកជំទាវ ជា ផល្គុន ប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលាស្តីពី«កម្មវិធីគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ» ។

លោកជំទាវ ជា ផល្គុន បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចម្បងៗចំនួនបួន ទី១ បង្កើនការយល់ដឹង ពង្រឹង និងពង្រីកការយល់ដឹងអំពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ពិសេសប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ ទី២ ការពិនិត្យឡើងវិញ និងវាយតម្លៃ៖ ពិភាក្សាអំពីចំណុចខ្លាំង កត្តាប្រឈម និងកាលានុវត្តភាពនៃកម្មវិធីជំនួយសង្គមដែលកំពុងអនុវត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រី និងក្រុមគោលដៅ ទី៣ ការពង្រឹងសមត្ថភាពបុគ្គល ពង្រឹងទំនុកចិត្តលើខ្លួនឯង ភាពអង់អាច និងគំនិតផ្តួចផ្តើមក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការ និងទី៤ ជំរុញវប្បធម៌នៃការចែករំលែក៖ លើកទឹកចិត្តឱ្យមន្ត្រីហ៊ានបញ្ចេញមតិ ហ៊ានសម្រេចចិត្ត និងចែករំលែកចំណេះដឹងជាមួយសហការី ដើម្បីការអភិវឌ្ឍស្ថាប័នប្រកបដោយបរិយាបន្ន ។

ក្នុងសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អគ្គនាយក អគ្គនាយករង ប្រធានអង្គភាព សមាជិក សមាជិកាក្រុមការងារយេនឌ័រ ក្រុមការងារ ស.ស.យ.ក និងអង្គការដៃគូ ប្រមាណ ១៥០នាក់ ៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





