កញ្ញា កុយ អេនណា ទូតសុឆ្ឆនៈសមាគមតន្រ្តីសំនៀងជនពិការ បានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦--មូលនិធិជនពិការ សហការជាមួយសមាគមតន្រ្តីសំនៀងជនពិការ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះបានរៀបចំដំណើរទស្សនកិច្ចសិក្សា និងស្វែងយល់អំពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព ដែលមានវត្តមានរបស់ កញ្ញា កុយ អេនណា ទូតសុឆ្ឆនៈសមាគមតន្រ្តីសំនៀងជនពិការ និងមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ បុគ្គលិកនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ និងជនមានពិការភាពដែលកំពុងទទួលសេវាជាច្រើនរូប។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្តារបានធ្វើបទបង្ហាញអំពីបេសកកម្ម តួនាទី សមិទ្ធផល និងសេវាកម្មសំខាន់ៗរបស់មជ្ឈមណ្ឌល រួមមាន៖ ការព្យាបាលដោយចលនា ការផលិត និងបំពាក់ជើងដៃសិប្បនិម្មិត រណប និងសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាផ្សេងៗ ដែលមានគោលបំណងជួយឱ្យជនមានពិការភាពអាចវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍ ប្រកបរបរចិញ្ចឹមជីវិត និងចូលរួមក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។


កញ្ញា កុយ អេនណា បានអញ្ជើញទស្សនាតាមផ្នែកនីមួយៗរបស់មជ្ឈមណ្ឌលស្តារ ដោយបានស្វែងយល់ពីដំណើរការផ្តល់សេវា បច្ចេកទេសរបស់មន្រ្តីជំនាញ និងបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយជនមានពិការភាពដែលកំពុងទទួលសេវាផងដែរ។ កញ្ញាក៏បានស្តាប់បទពិសោធន៍ និងរឿងរ៉ាវជោគជ័យរបស់អ្នកទទួលសេវា ដែលបានស្តារសមត្ថភាពបន្លាស់ទី និងអាចវិលត្រឡប់ទៅរស់នៅ និងធ្វើការបានប្រសើរឡើងវិញ។ ក្នុងការចែករំលែកចំណាប់អារម្មណ៍ កញ្ញា កុយ អេនណា បានសម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារមជ្ឈមណ្ឌលស្តារក្នុងការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមនុស្សធម៌។ ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យកញ្ញាយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងជំរុញឱ្យសាធារណៈជនចូលរួមគាំទ្រ ផ្សព្វផ្សាយ និងផ្តល់ឱកាសដល់ជនមានពិការភាពក្នុងការរស់នៅប្រកបដោយសមភាព និងបរិយាបន្ន។

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់កញ្ញា កុយ អេនណា ថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយស និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងផ្សព្វផ្សាយសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសជនមានពិការភាព អាចទទួលបានព័ត៌មាន និងសេវាចាំបាច់សម្រាប់ការកែលម្អគុណភាពជីវិត ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





