វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងរដ្ឋបាលខេត្តកណ្តាលរៀបចំវេទិកាសន្ទនា ស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល»
AKP កណ្តាល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦--វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សហការជាមួយ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាសន្ទនា ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ វេទិកាសន្ទនានេះមានមានចូលរួមពី ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងមកពីតំណាងអង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស.បានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិលក្នុងខេត្តកណ្តាល ក្នុងការអភិវឌ្ឍន៍សហគមន៍ លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។ អង្គការសង្គមស៊ីវិល សូមបន្តពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីរួមចំណែកកសាងសង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាបានកាន់តែល្អប្រសើឡើង។

នាឱកាសនោះដែរ លោក ណុប ដារ៉ា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍន៍ខេត្តកណ្តាល និងបានជំរុញឱ្យបន្តពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទិន្នន័យ និងព័ត៌មានតាមប្រព័ន្ធឌីជីថល ជួយពង្រីកការផ្សព្វផ្សាយព័ត៌មានប្រកបដោយតម្លាភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមកំពុងកើតមានក្នុងសង្គមឌីជីថល។ បច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិល ធ្វើសកម្មភាពនៅខេត្តកណ្តាលមានចំនួន ៤១៦ ក្នុងនោះ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៣១ សមាគមចំនួន ១៩៩ និងសហគមន៍ចំនួន ៨៦ ។

សូមជម្រាបថា ក្នុងវេទិការនេះ វ.ស.ស. បានរៀបចំបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដោយលោកបណ្ឌិត ឌុច ឌីនីល ព្រឹទ្ធបុរសរងវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានសុវត្ថិភាព ការការពារទិន្នន័យ និងការអនុវត្តគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១–២០៣៥ ឱ្យមានប្រសិទ្ធភាព។ ជាពិសេសអង្គវេទិការ ក៏បានបង្កើតបរិយាកាសបើកចំហសម្រាប់ការផ្លាស់ប្តូរយោបល់ ដោយតំណាងអង្គការសង្គមស៊ីវិលបានលើកឡើងពីបញ្ហាប្រឈម សំណូមពរ និងបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តការងារនៅមូលដ្ឋាន។ ជាលទ្ធផលបញ្ហាមួយចំនួនត្រូវបានពិភាក្សា និងដោះស្រាយភ្លាមៗ ខណៈបញ្ហាផ្សេងទៀតនឹងត្រូវបន្តសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





