ម៉ាឡេស៊ីពន្លឿនការផ្លាស់ប្តូរថាមពលដើម្បីជំរុញកំណើនសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលម៉ាឡេស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសទៅលើឥន្ធនៈហ្វូស៊ីល ដោយពន្លឿនការផ្លាស់ប្តូរទៅជាថាមពលស្អាត ខណៈដែលលើកកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតឧស្សាហកម្មថ្មីៗ។
ថ្លែងទៅកាន់ព្រឹត្តិការណ៍ថាមពលក្នុងតំបន់កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត គឺជាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រដែលមានគោលបំណងការពារអនាគតថាមពលរបស់ប្រទេស។
ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន The Star ដោយទទួលស្គាល់ថា រដ្ឋាភិបាលតែម្នាក់ឯងមិនអាចផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូរនេះបានទេ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានអំពាវនាវឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងក្នុងចំណោមវិស័យសាធារណៈ វិនិយោគិនឯកជន និងអ្នកអភិវឌ្ឍន៍គម្រោង។
លោកបាននិយាយថា «យើងត្រូវការដើមទុនដើម្បីសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ធ្វើឱ្យប្រសើរឡើងនូវបណ្តាញអគ្គិសនី ដំឡើងកន្លែងផ្ទុកថ្ម និងបង្កើនជំនាញកម្មករ ដើមទុនដ៏ធំប្រកបដោយនិរន្តរភាព និងមានរចនាសម្ព័ន្ធ»។
នៅក្នុងរបៀបវារៈក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រោមផែនទីបង្ហាញផ្លូវផ្លាស់ប្តូរថាមពលជាតិ (NETR) ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព មានតម្លៃសមរម្យ និងអាចទុកចិត្តបាន ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ខណៈដែលការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។
លោកបាននិយាយថា ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តក្នុងការសម្រេចបានសមត្ថភាពថាមពលកកើតឡើងវិញ ៣១% នៅត្រឹមឆ្នាំ២០២៥ ដោយបង្កើនចំនួននេះឱ្យដល់ ៤០% នៅត្រឹមឆ្នាំ២០៣៥ និង ៧០% នៅត្រឹមឆ្នាំ២០៥០៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





