មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទនិងដាក់ចេញនូវបទបញ្ជាមួយចំនួនជូនដល់កងកម្លាំងក្រោមឱវាទ
AKP កំពង់ធំ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះបានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ការងារអប់រំចិត្តសាស្ត្រនិងដាក់ចេញនូវបទបញ្ជាសំខាន់ៗមួយចំនួន ជូនដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីនាយទាហាន នាយទាហានរងនិងពលទាហានជាច្រើនរូប។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍មួយចំនួនដែលកើតមានឡើងថ្មីៗនេះ ដែលប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់អំពីសភាពការពិតនៃការឈ្លានពាន និងកាន់កាប់បូរភាពទឹកដីកម្ពុជាដោយខុសច្បាប់ពីកងទ័ពថៃនៅតំបន់មួយចំនួន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាព សិទ្ធិមនុស្ស និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលផ្ទះសម្បែងនិងដីធ្លីមួយចំនួនត្រូវបានទាហានថៃចូលកាន់កាប់ដោយខុសច្បាប់ ។ព្រមជាមួយនោះ យោធាថៃបានបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នឹងបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់យោធិនគ្រប់រូប ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ មានជាអាទិ៍:ទី១.យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា ព្រះមហាក្សត្រ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចរង់ចាំអនុវត្តបទបញ្ជាក្នុងភារកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ទី២.ត្រូវផ្សព្វផ្សាយជូនដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធាឱ្យទទួលបានជោគជ័យ ដើម្បីកម្ពុជាយើង មានធនធានមនុស្សគ្រប់គ្រាន់ ក្នុងភារកិច្ចការពារជាតិក្នុងបរិបទថ្មីនៃសកលលោកនិងទី៣.ត្រូវបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋានននានាឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះដែរ ត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងបទបញ្ជារបស់ឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាធនធានធម្មជាតិរបស់យើងទុកឱ្យកូនចៅយើងនៅជំនាន់ក្រោយៗទៀត៕
ដោយ ស៊ុម វណ្ណា





