ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តដល់បេក្ខជនត្រៀមប្រឡងបាក់ឌុប ឆ្នាំ២០២៦ដែលទទួលបាននិទ្ទេសល្អប្រសើរនិងទទួលបានរង្វាន់បន្ថែមពីក្រុមការងារ
AKPកំពង់ធំថ្ងៃទី០៣ខែខែសីហាឆ្នាំ២០២៦--ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៦ ដែលទទួលបាននិទ្ទេសល្អប្រសើរ និងទទួលបានរង្វាន់បន្ថែមពីក្រុមការងារ។

ឯកឧត្តមចាន់ យុត្ថាប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយនិងឃុំពពកស្រុកស្ទោងបានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកនិងសហការីអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្អូនៗសិស្សានុសិស្សថ្នាក់ទី១២និងអាណាព្យាបាលនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ឃុំប្រឡាយស្រុកស្ទោងខេត្តកំពង់ធំកាលពីថ្ងៃទី០២ខែសីហាឆ្នាំ២០២៦នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី១០ខែសីហាឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តមចាន់ យុត្ថាប្រធានក្រុមការងារបានប្រកាសជាផ្លូវការនូវរង្វាន់លើកទឹកចិត្តពិសេសបន្ថែមសម្រាប់ប្អូនៗសិស្សានុសិស្សបេក្ខជនណាដែលខិតខំប្រឹងប្រែងរៀនសូត្រប្រឡងជាប់និងទទួលបានលទ្ធផលល្អប្រសើរ(និទ្ទេសល្អ)ក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះ។ឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថាការយកចិត្តទុកដាក់និងការគាំទ្រទាន់ពេលវេលានេះគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ប្អូនៗសិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ក្នុងការបោះជំហានទៅប្រឡងប្រជែងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្រោមពាក្យស្លោក «ចេះគឺជាប់»ប្រកបដោយភាពជឿជាក់និងស្មារតីមុះមុត។

សូមបញ្ជាក់ថានៅក្នុងពិធីសំណេះសំណាលផ្តាំផ្ញើសួរសុខទុក្ខនិងលើកទឹកចិត្តយ៉ាងយកចិត្តទុកដាក់នេះ ឯកឧត្តម ចាន់ យុត្ថា បានឧបត្ថម្ភថវិកាសម្រាប់ទ្រទ្រង់ការចំណាយលើការធ្វើដំណើរ ការស្នាក់នៅនិងចំណីអាហារជូនដល់សិស្សានុសិស្សទាំងអស់ដែលត្រូវធ្វើដំណើរទៅប្រឡងនៅក្រុងស្ទឹងសែនចំនួន១១៧នាក់ក្នុងម្នាក់ទទួលបានថវិកា៦ម៉ឺនរៀលក្នុងនោះសិស្សក្រីក្រ២១នាក់ម្នាក់ៗទទួលបានថវិកាបន្ថែនចំនួន៦ម៉ឹនរៀលទៀតដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់អាណាព្យាបាលពិសេសសិស្សានុសិស្សដែលមានជីវភាពខ្វះខាត៕
ដោយ៖ ស៊ុម វណ្ណា





