ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កោតសរសើរប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលចេះកែច្នៃដីជុំវិញផ្ទះបង្កើនជីវភាព
AKPបន្ទាយមានជ័យថ្ងៃទី ៣ ខែសីហាឆ្នាំ២០២៦–ក្រោមស្មារតីតស៊ូដ៏រឹងមាំ និងមិនបោះបង់ចោលឱកាស ទោះបីស្ថិតក្នុងស្ថានភាពជីវភាពពិសេសណាក៏ដោយ ប្រជាពលរដ្ឋភៀសសឹកជាង ៣,០០០គ្រួសារ រស់នៅ ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រែក្លាយដីទំនេរជុំវិញលំនៅឋានឱ្យទៅជាចម្ការបន្លែ និងដំណាំហូបផ្លែយ៉ាងខៀវស្រងាត់ ដែលក្លាយជាគំរូដ៏ល្អឆ្នើមក្នុងការអនុវត្តកសិកម្មតាមបែបគ្រួសារ។

សកម្មភាពដ៏គួរឱ្យសរសើរនេះ ត្រូវបានលើកឡើងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសដែលឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបន្តដំណើរចុះសួសុខទុក្ខ ពិនិត្យជីវភាពរស់នៅ និងការដាំដុះដំណាំរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់នៅមូលដ្ឋាន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះពិនិត្យ និងដោះស្រាយការអន្តរាគមន៍ទឹកដើម្បីសង្គ្រោះដំណាំស្រូវកសិកររួចមក។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនភៀសសឹក គឺជាភាពចាំបាច់បំផុត ដើម្បីទទួលបាននូវសំណូមពរ និងស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងអាចដោះស្រាយទាន់ពេលវេលាជូនបងប្អូន។
ឆ្លងកាត់តាមការចុះពិនិត្យផ្ទះសម្បែង និងការដាំដុះដំណាំគ្រប់មុខ ដូចជា ដំឡូងមី ពោត សណ្តែកគួរ និងដំណាំរួមផ្សំជាច្រើនទៀត ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបង្ហាញក្តីរំភើប និងមានប្រសាសន៍សរសើរយ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបានខិតខំរៀបចំជីវភាពរស់នៅ ថែទាំលំនៅឋាន និងដាំដុះដំណាំជុំវិញផ្ទះ។ សកម្មភាពនេះមិនត្រឹមតែជាការអនុវត្តកសិកម្មតាមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវានឹងហុចផលយ៉ាងពិតប្រាកដទាំងការលក់ដូរដើម្បីបង្កើនចំណូល និងការធានាបាននូវការហូបចុកប្រចាំថ្ងៃប្រកបដោយគុណភាព។»

បន្ថែមពីលើការបង្កើនផលដំណាំ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ការរៀបចំលំនៅឋាន និងសកម្មភាពកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំទាំងមូល គឺមានភាពស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងកម្មវិធីប្រកួតប្រជែង «ផ្ទះស្អាត» ដែលរាជរដ្ឋាភិបាលបានដាក់ចេញតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការរៀបចំនេះមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាព អនាម័យ និងបរិស្ថានរស់នៅស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា មូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាននិងលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងផងដែរ។

មុខមាត់ថ្មី និងការអភិវឌ្ឍរីកចម្រើននៅភូមិរង់ចាំ គប្បីបញ្ជាក់ផងដែរថា ភូមិរង់ចាំ គឺជាទីតាំងមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដោយបានទម្លាក់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើន រួមមានការស្ថាបនាផ្លូវថ្នល់ និងការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនីការសាងសង់មណ្ឌលសុខភាព ស្នាក់ការភូមិ និងស្នាក់ការក្រុមការងារខេត្ត ការរៀបចំសាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន ការផ្តល់ថវិកាឧបត្ថម្ភប្រចាំខែដល់គ្រួសារនីមួយៗសមិទ្ធផលទាំងអស់នេះ បាននិងកំពុងបំពេញបន្ថែមដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភៀសសឹក ឱ្យមានភាពកក់ក្តៅ និងមានអនាគតភ្លឺស្វាង។

ជារួមមក គំរូនៃភាពឧស្សាហ៍ព្យាយាម និងការចេះពឹងផ្អែកលើកម្លាំងញើសឈាមខ្លួនឯងរបស់ប្រជាពលរដ្ឋនៅភូមិរង់ចាំ គឺជាសក្ខីភាពយ៉ាងច្បាស់ថា ទោះបីស្ថិតក្នុងស្ថានភាព ឬឧបសគ្គណាក៏ដោយ ប្រសិនបើមានការតស៊ូ និងការចេះរៀបចំផែនការជីវិតច្បាស់លាស់ ភាពជោគជ័យនឹងកើតមានឡើងជាដរាប៕
ដោយ៖ ឈុន សារ៉ាត





