ឯកឧត្តម ម៉ាង ស៊ីណេត ទទួលអំណោយពីអ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ
AKP ព្រះសីហនុ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានទទួល អំណោយមនុស្សធម៌ពីអ្នកឧកញ៉ា សួរ វីរ: អគ្គនាយកក្រុមហ៊ុន វីរ ប៊ុនថាំ មានដូចជា អង្ករ ត្រីខ ម្សៅស៊ុប កាផែ សម្រាប់ចែកជូនសមាជិកគណបក្សនៅតាមក្រុង ស្រុកដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណបក្សខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអរគុណអ្នកឧកញ៉ា សួរ វីរ: ដែលបានឧបត្ថម្ភអង្ករ ត្រីខ ម្សៅស៊ុប កាផែ សម្រាប់ចែកជូនសមាជិកគណបក្សនៅតាមក្រុង ស្រុកនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានជីវភាពខ្វះខាត នៅមូលដ្ឋាន សូមជូនពរអ្នកឧកញ៉ា និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ ប្រកបមុខរបរកាន់តែរីកចម្រើនថែមទៀត។
អំណោយរបស់អ្នកឧកញ៉ាត្រូវបានធ្វើការបែងចែកទៅតាមក្រុង ស្រុកគោលដៅចំនួន៤ ក្នុងចំណោមក្រុង ស្រុកទាំង៦ របស់ខេត្តព្រះសីហនុ ក្នុងនោះ៖ ១.ក្រុងព្រះសីហនុ មាន ៤សង្កាត់ មួយសង្កាត់ទទួលបាន អង្ករ ១តោន ត្រីខ ៥កេស ម្សៅស៊ុប ១០០កញ្ចប់ និងកាផែ ១០០កញ្ចប់។ ដោយឡែក សម្រាប់រដ្ឋបាលក្រុង អង្ករ ១តោន ត្រីខ ៥កេស ម្សៅស៊ុប ១០០កញ្ចប់ និងកាផែ ១០០កញ្ចប់។ ២.ក្រុងកោះរ៉ុង មាន ២សង្កាត់ ក្នុងមួយសង្កាត់ ទទួលបាន អង្ករ ១តោន ត្រីខ ៥កេស ម្សៅស៊ុប ១០០កញ្ចប់ កាផែ ១០០ កញ្ចប់ ដោយឡែករដ្ឋបាលក្រុងកោះរ៉ុង ក៏ទទួលបាន អង្ករ ១តោន ត្រីខ ៥កេស ម្សៅស៊ុប ១០០កញ្ចប់ និងកាផែ ១០០កញ្ចប់។ ៣.ក្រុងកំពង់សោម មាន៥សង្កាត់ ក្នុងមួយសង្កាត់ទទួលបាន អង្ករ ១តោន ត្រីខ ៥កេស ម្សៅស៊ុប ១០០កញ្ចប់ កាផែ ១០០ កញ្ចប់ ដោយឡែករដ្ឋបាលក្រុងកំពង់សោម ទទួលបាន អង្ករ ២តោន ត្រីខ ១០កេស ម្សៅស៊ុប ២០០កញ្ចប់ និងកាផែ ២០០កញ្ចប់។ ៤.ស្រុកស្ទឹងហាវ មាន ៤ឃុំ ក្នុងមួយឃុំទទួលបានអង្ករ ១តោន ត្រីខ ៥កេស ម្សៅស៊ុប ១០០កញ្ចប់ កាផែ ១០០កញ្ចប់ ដោយឡែករដ្ឋបាលស្រុកស្ទឹងហាវ ទទួល បាន អង្ករ ១តោន ត្រីខ ៥កេស ម្សៅស៊ុប ១០០ កញ្ចប់ និងកាផែ ១០០កញ្ចប់៕

ដោយ ងូ សុមុនី





