ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺអញ្ជើញបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំដែលមាមទុនវិនិយោគ ១០លានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ឯ.ក (Jinding Air Liquefaction (Cambodia) Co., Ltd.) ដែលជាសហគ្រាសវិនិយោគដ៏ធំមកពីប្រទេសចិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងសួនឧស្សាហកម្ម ដៃគូសហការ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនដំឡើងនានា ព្រមទាំងសហការី និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

លោក ចេន ចុងហួយ ប្រធានក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន (ខេមបូឌា) បានសម្តែងការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារយៈពេលវែងចំពោះការអនុវត្តគម្រោងស្នូលមួយនេះ ដែលជួយឱ្យកម្ពុជាអាចសម្រេចបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងស្រុកនូវឧស្ម័នស្នូលសំខាន់ៗ រួមមាន អុកស៊ីសែនរាវ អាសូតរាវ និងអាហ្គុងរាវ ដែលជា «សរសៃឈាម» នៃឧស្សាហកម្មទំនើប និងជួយកាត់បន្ថយការនាំចូលពីបរទេស។

លោកបានបន្តថា គម្រោងរោងចក្រផលិតឧស្ម័ននេះ មានទុនវិនិយោគសរុបជាង ១០លានដុល្លារអាម៉េរិក ដែលជាគម្រោងឧស្សាហកម្មឧស្ម័នខ្នាតធំដំបូងគេបង្អស់ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចអន្តរជាតិ ជិនឆឹង ខេត្តកំពង់ស្ពឺ។ ថវិកាវិនិយោគទាំងអស់នេះ ត្រូវបានប្រើប្រាស់សម្រាប់ការទិញដី សាងសង់រោងចក្រ ព្រមទាំងបំពាក់ឧបករណ៍បច្ចេកវិទ្យាផលិតដ៏ទំនើប និងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ (Automatic Control System)។ មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគដ៏ធំនេះ ក្រុមហ៊ុនបានចំណាយពេលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់លើគម្រោងនេះអស់រយៈពេល ៥ខែ ពោលគឺចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មកម្ល៉េះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន (ខេមបូឌា) ឯ.ក ដែលបានសម្រេចចិត្តបោះទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា វត្តមានរបស់រោងចក្រផលិតឧស្ម័នឧស្សាហកម្មខ្នាតធំដំបូងគេបង្អស់នេះ មិនត្រឹមតែជួយបំពេញចន្លោះខ្វះខាតនៃការផ្គត់ផ្គង់ឧស្ម័នរាវក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ក្នុងការទាក់ទាញរោងចក្រ ឧស្សាហកម្មធុនធ្ងន់ និងទំនើបៗដទៃទៀត ឱ្យចូលមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺកាន់តែច្រើនឡើង ដោយសារតែយើងមានប្រភពផ្គត់ផ្គង់វត្ថុធាតុដើមយុទ្ធសាស្ត្រច្បាស់លាស់ និងមានតម្លៃសមរម្យ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកំពង់ស្ពឺ ជានិច្ចកាលតែងតែបើកចំហ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាល់អ្នកវិនិយោគទុនទាំងឡាយ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រដ្ឋបាលខេត្តនឹងបន្តបង្កលក្ខណៈងាយស្រួល ធានានូវសន្តិសុខ សុវត្ថិភាព និងគាំទ្រផ្នែកគតិយុត្តនានា ដើម្បីឱ្យដំណើរការសាងសង់ និងការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនប្រព្រឹត្តទៅដោយរលូន និងជោគជ័យ សំដៅរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន បង្កើនចំណូលពន្ធរដ្ឋ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





