ឯកឧត្តម ស៊ុន ចាន់ថុល បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិថ្មីទី៨ ឆ្នាំ២០២៥-២០២៩
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជាបានបន្តជាប់ជាប្រធានសហព័ន្ធ អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ តាមរយៈមហាសន្និបាតសហព័ន្ធបញ្ចប់អាណត្តិចាស់ទី៧ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ដោយមហាសន្និបាតបានអនុម័តផ្លាស់ប្តូរឈ្មោះពី «សហព័ន្ធខ្មែរកីឡាហែលទឹក» ទៅជា «សហព័ន្ធកីឡាក្នុងទឹកកម្ពុជា» ជាផ្លូវការ។

ការផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តម ស៊ុន ចាន់ថុល បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ទទួលបានសំឡេងគាំទ្រ ១០០ភាគរយ ក្នុងចំណោមតំណាងសមាគម-ក្លឹបកីឡាក្នុងទឹកជាសមាជិកសហព័ន្ធ តាមរយៈអង្គមហាសន្និបាត ដែលបានធ្វើឡើងនៅសាលប្រជុំធំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុងសប្តាហ៍នេះ។
ក្នុងឱកាសមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាបញ្ចប់អាសណត្តិចាស់ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩នេះមានការអញ្ជើញជាអធិបតីពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាអនុប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង NOCC និងឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកជាច្រើនរូបទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល បានប្តេជ្ញាចិត្តខ្ពស់នឹងខិតខំប្រឹងប្រែងអភិវឌ្ឍកីឡាក្នុងទឹកឱ្យកាន់តែមានភាពរីកច្រើន ដោយឯកឧត្តមប្រធានបានជំរុញឱ្យសហព័ន្ធរៀបចំការប្រកួតជាច្រើន រួមមានការប្រកួតកីឡាហែលទឹកពានរង្វាន់ក្រុមហ៊ុន ជីប ម៉ុង ការប្រកួតកីឡាហែលទឹកឆ្លងកាត់ទន្លេមេគង្គ ដែលជាព្រឹត្តិការណ៍ថ្មី សម្រាប់អាណត្តិថ្មីទី៨នេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏ប្រកាសថា ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមនឹងខិតខំស្វែងរងដៃគូឧបត្ថម្ភបន្ថែម ដើម្បីរៀបចំការប្រកួតឱ្យបានច្រើន ដើម្បីចម្រាញ់យកកីឡាករកីឡាការិនី ដែលមានសមត្ថភាពឱ្យចូលក្នុងក្រុមជម្រើសជាតិ និងបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសជាដើម។

គួរបញ្ជាក់ថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ មានចំនួន ១១ រូប រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធាន អមដោយអនុប្រធាន៦រូប គឺ ឯកឧត្តម ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន ឯកឧត្តម ទ្រី ដាលុច ឯកឧត្តម សួង ហេង ឯកឧត្តម ហឿន សំនៀង និងឧកញ៉ា ជា ហុយ ខណៈលោក ហែម គីរី ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង២រូប គឺលោក នាង សូរិទ្ធិយ៉ា និងអ្នកនាង ស៊ុន សីមុនី និងកញ្ញា ហែម ថុនវិទិនី ជាអគ្គហេរញ្ញិក៕
ដោយ ហេង ណាលីន





