ឯកឧត្តម កែវ រ៉េមី៖ ទោះ ITF ជើងឯកអាស៊ីមានអត្តពលិកប្រទេសផ្សេងៗ មកច្រើន ក៏កម្ពុជាមានសុទិដ្ឋិនិយមថានឹងអាចដណ្តើមមេដាយជូនជាតិបានច្រើន
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថា បើទោះបីជាប្រទេសម្ចាស់ដើមក្បាច់គុន និងប្រទេសខ្លាំងៗជាច្រើនបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតច្រើន ក្នុងការប្រកួតជើងឯកអាស៊ី យ៉ាងក្តី ក៏ឯកឧត្តមលើកបង្ហាញពីសុទិដ្ឋិនិយមថា អត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជានឹងអាចដណ្តើមបានមេដាយច្រើនជូនជាតិមាតុភូមិជាក់ជាមិនខាន។

ការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជូនអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ មុនពេលដែលឯកឧត្តមដឹកនាំប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជាចេញទៅប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី ពីថ្ងៃទី០៣-០៩ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា ពេលនេះ កីឡាករ កីឡាការិនីទាំងឈុតថ្នាល និងឈុតធំកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកួតប្រជែងមេដាយជូនជាតិ។ ប៉ុន្តែអ្វីដែលសំខាន់ គឺស្មារតីថាតើពួកគាត់អាចមានភាពក្លាហានយ៉ាងណា ជាពិសេសភាពប្រឈមក្នុងការប្រកួតឆ្លៀតឱកាសតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដើម្បីយកឈ្នះ។
ឯកឧត្តមប្រធានលើកឡើងបែបនេះថា៖ «ខ្ញុំទទួលបានព័ត៌មានថា ដោយសារតែការប្រកួតជើងឯកអាស៊ី លើកនេះនៅប្រទេសម៉ុងហ្គោលី គឺកូរ៉េខាងជើងបានបញ្ជូនអត្តពលោកមកចូលរួមប្រកួតច្រើនណាស់ ដោយធ្វើដំណើរតាមរថភ្លើង ខណៈចិន និងរុស្ស៊ី អ៊ូសបេគីស្ថាន កាហ្សាក់ស្ថានជាដើមនោះក៏បានបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតច្រើនដែរ។ ដូច្នេះការប្រកួតលើកនេះ អត្តពលិកកម្ពុជានឹងមានដៃគូប្រកួតច្រើនណាស់។ សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF នេះមានការលំបាក ក្នុងការដណ្តើមេដាយណាស់ ពីព្រោះមិនមែនប្រកួតតែ១គូ ឬ២គូ ឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះទេ ដោយពេលខ្លះត្រូវប្រកួតដល់ ៥គូ ទើបចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ»។

បើទោះបីជាបែបនេះក្តី ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ ឯកឧត្ត កែវ រ៉េមី បានលើកបង្ហាញសុទិដ្ឋិនិយមថា តេក្វាន់ដូ ITF កម្ពុជានឹងអាចដណ្តើមមេដាយច្រើនជូនជាតិមាតុភូមិ។ ចំពោះចំណុចសំខាន់១ទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំដឹកនាំទៅផ្ទាល់ពេលនេះ គឺដើម្បីស្នើសុំទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតជើងឯកអាស៊ី បន្តវេនរៀងរាល់២ឆ្នាំម្តង សម្រាប់ឆ្នាំ២០២៨ខាងមុខ បន្ទាប់ពីប្រទេសម៉ុងហ្គោលី ឆ្នាំ២០២៦នេះ។ សហព័ន្ធបានត្រៀមវីដេអូលើកបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ ទាំងការស្នាក់នៅសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាផ្សេងៗទៀត ដែលកម្ពុជាអាចធ្វើម្ចាស់ផ្ទះបានល្អ។ កន្លងមក ITF កម្ពុជាធ្លាប់ធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ បានជោគជ័យ ហើយគោលដៅសំខាន់បំផុត គឺការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ី ២០២៨ យើងក៏សង្ឃឹមថា កីឡាករយើងអាចនៅតែជាជើងខ្លាំង ក្នុងការដណ្តើមមេដាយជូនជាតិផងដែរ»។

គូសបញ្ជាក់បន្ថែមពីលើនេះ ឯកឧត្តមសង្កត់ធ្ងន់ថា អ្វីដែលជាចំណុចសំខាន់ផ្ញើជូនជនរួមជាតិ គឺការធ្វើម្ចាស់ផ្ទះកម្រិតជើងឯកអាស៊ី ២០២៨នោះ គឺដើម្បីទាក់ទាញទេសចរណ៍ ដោយកីឡាទេសចរណ៍នេះមានផលចំណេញច្រើនដល់ទេសចរណ៍ ចំណេញដល់សេវាកម្មរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទៀតផង។
ជាមួយគ្នានេះ លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាបានបញ្ជាក់ថា ប្រតិភូកីឡាកម្ពុជាមានថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាកណ្តាលអន្តរជាតិរបស់កម្ពុជាម្នាក់ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី សរុប ៤៧នាក់ ក្នុងនោះមានកីឡាករ កីឡាការិនី ៣២នាក់ ជាក្រុមយុវជនថ្នាល និងក្រុមឈុតធំ៕
ដោយ ហេង ណាលីន





