អភិបាលរងខេត្តបន្ទាយមានជ័យជំរុញសមាជិក ស.ស.យ.ក និងសិស្សានុសិស្សស្រុកម៉ាឡៃឱ្យក្លាយជា “ភ្នាក់ងារអប់រំផ្ទាល់” ប្រឆាំងគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍
AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ — ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សមាជិក ស.ស.យ.ក. និងសិស្សានុសិស្សជាង ៣៦០នាក់ នៅស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ លោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់យ៉ាងមុតមាំថា យុវជនមិនត្រឹមតែជាអ្នកត្រូវការពារពីគ្រោះមហន្តរាយនៃគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «កម្លាំងចលករ និងជាភ្នាក់ងារអប់រំដ៏មានឥទ្ធិពល» ក្នុងការផ្សព្វផ្សាយសារអប់រំទាំងនេះដល់មិត្តភក្តិ គ្រួសារ និងសហគមន៍ផងដែរ។

ពិធីដ៏មានអត្ថន័យនេះ រៀបចំឡើងនៅបរិវេណវត្តរតនៈម៉ាឡៃ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកម៉ាឡៃ សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត-ស្រុក-ឃុំ និងកងកម្លាំងទាំងបី ក្រោមអធិបតីភាពរបស់លោក យឹម សំណាង តំណាងរបស់លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក ស្វាយ ជា អភិបាលស្រុក និងជាប្រធានកិត្តិយស ស.ស.យ.ក. ស្រុកម៉ាឡៃ ព្រមទាំងលោក សុខ ពេញណន ប្រធាន ស.ស.យ.ក. ស្រុកម៉ាឡៃ មន្ត្រីពាក់ព័ន្ធ និងយុវជនសិស្សានុសិស្សយ៉ាងច្រើនកុះករ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក យឹម សំណាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមបណ្ឌិតប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក. ជូនចំពោះក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក. ស្រុកម៉ាឡៃ ដែលបានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំវេទិកាអប់រំដ៏មានសារៈសំខាន់នេះឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមចំណែកអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។

លើកឡើងដោយចង្អុលបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃគ្រឿងញៀន លោក យឹម សំណាង បានមានប្រសាសន៍យ៉ាងដូច្នេះថា គ្រឿងញៀន គឺជាមហន្តរាយបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ក្នុងនាមយើងជាយុវជនដែលជាទំពាំងស្នងឫស្សី ត្រូវដាច់ខាតនិយាយថា «ទេ» ចំពោះគ្រឿងញៀន ដោយមិនត្រូវប៉ះពាល់សូម្បីតែម្តងឡើយ។ បន្ថែមពីនេះ យុវជនយើងត្រូវក្លាយជាភ្នែកជាត្រចៀក និងជាអ្នកផ្សព្វផ្សាយអប់រំដល់មិត្តភក្តិនៅជុំវិញខ្លួនឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។
ទន្ទឹមនឹងបញ្ហាគ្រឿងញៀន លោកអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ផងដែរលើបញ្ហាការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាបញ្ហាសង្គមដ៏ក្តៅគគុកមួយទៀត។ លោកបានលើកឡើងថា ការបើកបរដោយខ្វះការយល់ដឹង ឬមិនគោរពច្បាប់ មិនត្រឹមតែនាំមកនូវហានិភ័យដល់អាយុជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាបន្ទុក និងទុក្ខសោកដល់ក្រុមគ្រួសារ និងសង្គមជាតិយ៉ាងខ្លាំងក្លា។

លោកបានសង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍ គឺជាការគោរពជីវិតខ្លួនឯងនិងអ្នកដទៃ។ ក្មួយៗដែលទើបនឹងធំធាត់ និងមានលទ្ធភាពជិះម៉ូតូ ត្រូវចងចាំជានិច្ចនូវការការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវទាំងពេលទៅ និងមកសាលារៀន មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវផឹកស្រាពេលបើកបរ និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាលើផ្លូវថ្នល់។ ការចេះគោរពច្បាប់ចរាចរណ៍ថ្ងៃនេះ គឺបង្ហាញពីសីលធម៌ និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អសម្រាប់ថ្ងៃអនាគត។
ជាមួយគ្នានោះ លោក យឹម សំណាង បានផ្តាំផ្ញើដល់សមាជិក ស.ស.យ.ក. ស្រុកម៉ាឡៃ និងសិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងកសាងអត្តចរិតថ្លៃថ្នូរ ព្រមទាំងបន្តចូលរួមសកម្មភាពមនុស្សធម៌ និងការងារសង្គមជាមួយរដ្ឋបាលខេត្ត និងស្រុក ឃុំដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើនថែមទៀត។ ពិធីផ្សព្វផ្សាយនោះក៏មានការចែកជូននូវឯកសារអប់រំ និងសម្ភារៈមួយចំនួនដល់សិស្សានុសិស្ស ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នារវាងយុវជន និងអាជ្ញាធរក្នុងការបន្តយុទ្ធនាការទប់ស្កាត់គ្រឿងញៀន និងការអនុវត្តច្បាប់ចរាចរណ៍នៅក្នុងមូលដ្ឋានស្រុកម៉ាឡៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ឈុន សារ៉ាត





