ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រារំលេចអំពីសមិទ្ធផល និងវឌ្ឍនភាពដែលក្រុមការងារបានធ្វើជូនមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ — លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានរំលេចអំពីសមិទ្ធផល និងវឌ្ឍនភាពដែលក្រុមការងារបានធ្វើជូនមូលដ្ឋាន ក្នុងឱកាសអញ្ជើញនាំយកនូវទៀនចំណាំព្រះវស្សាន្ត និងទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ទៅវេរប្រគេនព្រះសង្ឃចំនួន ៦វត្តនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅក្នុងវត្តទំពេជ។

លោក ផាង វី បានបញ្ជាក់ថា ពិធីវេរទៀនព្រះវស្សានៅក្នុងឱកាសនេះ គឺជាឱកាសមាសដែលមានការជួបជុំរវាងក្រុមការងារថ្នាក់ជាតិជាមួយប្រជាពលរដ្ឋ និងព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈនៅក្នុងមូលដ្ឋានដែលបានរឹតចំណងមិត្តភាព សាមគ្គីភាព និងភាពស្និទ្ធស្នាលដែលជាឱកាសបានធ្វើបុណ្យសន្សំកុសលរួមគ្នាសម្រាប់ជាតិនេះ និងជាតិមុខជាមួយស្នាមញញឹមនិងជីវភាពប្រជាជនល្អប្រសើរឡើង ហើយគ្មានបញ្ហា ឬក្រុមគ្រួសារមួយណា ដែលជួបទុក្ខលំបាកហើយត្រូវមើលរំលងនោះឡើយ។
លោកបានរំលេចបន្ថែមថា រាល់សមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាល និងក្រុមការងារបានខិតខំកសាងជូនមិនថាផ្លូវ ស្ពាន សាលារៀន អណ្ដូងទឹក វត្តអារាម ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា។ល។ សុទ្ធតែជាញើសឈាម និងទ្រព្យសម្បត្តិរួមរបស់ក្រុមការងារ និងបងប្អូនទាំងអស់គ្នា ដូចនេះបងប្អូនប្រជាពលរដ្ឋក្នុងឃុំទ្រា ត្រូវរួមគ្នាថែរក្សា ការពាររាល់សមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីប្រើប្រាស់បានយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយ។

លើសពីនេះទៀត ដើម្បីឱ្យការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍឃុំទ្រាឱ្យកាន់តែរីកចម្រើនទៅមុខបាន គឺត្រូវការកម្លាំងសាមគ្គីភាពយ៉ាងស្អិតរមួតរវាងអាជ្ញាធរ ក្រុមការងារ និងប្រជាពលរដ្ឋត្រូវបន្តដៃគូសហការយ៉ាងរឹងមាំក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់យើងបន្តទៀតប្រកបដោយចីរភាពនិងបរិយាបន្ន។
លើសពីនេះទៀត ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំក្រោយទទួលបានជ័យជំនះយុវជន គឺជាកម្លាំងស្នូល និងចលករដ៏សំខាន់រួមជាមួយនឹងភាពស្មោះត្រង់ និងស្វាមីភក្តិជាមួយគណបក្ស និងរួមគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។

សូមបញ្ជាក់ថា ការប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានដល់វត្តទាំង៦ នៅក្នុងឃុំទ្រាក្នុងមួយវត្តៗទទួលបាននូវទៀនចំណាំព្រះវស្សា ១គូ និងទេយ្យទានមួយចំនួនធំទៀត ដោយឡែក វត្តទំពេជទទួលបាននូវបច្ច័យបន្ថែម ១.០០០ដុល្លារអាម៉េរិក និងបឋមសិក្សាទំពេជទទួលបាននូវថវិកា ៥០០ដុល្លារអាម៉េរិកបន្ថែមទៀតដែលជាអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ៕
ដោយ៖ អ៊ុច សៀង





