អភិបាលក្រុងដូនកែវ ចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរនៅផ្សារណាត់ដើម្បីស្តាប់កង្វល់ ជំរុញការរៀបអនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ
AKP តាកែវ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ — លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ រួមដំណើរជាមួយលោក លោកស្រីអភិបាលរងក្រុងដូនកែវ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារណាត់។ ការជួបសំណេះសំណាលនេះធ្វើឡើងនៅក្នុងផ្សារណាត់ ស្ថិតនៅក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសចុះជួបផ្ទាល់នាពេលនោះ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានសាកសួរយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពនៃការលក់ដូរប្រចាំថ្ងៃ ជីវភាពរស់នៅ ព្រមទាំងបើកឱកាសឱ្យបងប្អូនអាជីវករ លើកឡើងនូវសំណូមពរ និងក្តីកង្វល់ផ្សេងៗ ដើម្បីឱ្យរដ្ឋបាលក្រុងយកមកពិនិត្យ សម្របសម្រួល និងចាត់វិធានការដោះស្រាយជូនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោក ឌឹម គឹមសាន ក៏បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ដោយរួមគ្នាថែរក្សាផ្សារណាត់ក្រុងដូនកែវឱ្យមានភាពស្អាតបាត មានរបៀបរៀបរយល្អ សំដៅបង្កើតបរិយាកាសប្រកបដោយភាពទាក់ទាញ សម្រួលដល់ការប្រកបអាជីវកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលក្រុងដូនកែវ ក៏បានធ្វើការណែនាំដល់អាជីវករគ្រប់រូប ត្រូវចេះវេចខ្ចប់និងទុកដាក់កាកសំណល់ក៏ដូចជាសំរាមឱ្យបានត្រឹមត្រូវតាមកន្ត្រក ឬធុងសំរាមដើម្បីរក្សាបាននូវបរិស្ថានស្អាត មានផាសុកភាពសម្រាប់ខ្លួនយើងផ្ទាល់ និងអ្នកមកទិញទំនិញ៕
ដោយ៖ អ៊ុច សៀង





