លោកជំទាវ ឃួន ឃុនឌី ក្រើនរំលឹកដល់សមាជិកសមាជិកាគណបក្សទាំងអស់បន្តធ្វើអំពើល្អដើម្បីផ្ដល់ក្តីស្រឡាញ់ដល់ប្រជាជនក្នុងមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ — លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់បន្តធ្វើអំពើល្អជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីផ្តល់ក្តីស្រលាញ់ និងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកជំទាវ ឃួន ឃុនឌី ថ្លែងដូចនេះក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមការងារគណបក្សឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំ។
លោកជំទាវបានបញ្ជាក់ថា ការបំរើសេវាកម្មល្អ និងដោយភាពស្មោះត្រង់ កាយវិការប្រកបដោយគុណធម៌ គឺជាសកម្មភាពអទិភាពចម្បងដែលទាក់ទាញប្រជាប្រិយភាព និងចាក់ឬសយ៉ាងជ្រៅដល់បញ្ហាសតិអារម្មណ៍ ស្មារតី និងការគាំទ្រដោយផ្ទាល់ដើម្បីឆ្លើយតបទៅថ្នាក់ដឹកនាំដែលបានជួយដល់ឃុំរបស់យើង។ ក្រុមការងារទាំងអស់ត្រូវតែប្តេជ្ញាចិត្តលះបង់គ្រប់បែបយ៉ាងជូនដល់បងប្អូនក្នុងមូលដ្ឋាន ការផ្តល់ទំនុកចិត្តដល់ពួកគាត់តាមរយៈការចុះជួបផ្ទាល់ ពិសេសយុវជនដល់អាយុបោះឆ្នោត ព្រមទាំងពង្រឹងសតិអារម្មណ៍ បង្កើនភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ជាមួយគាត់។ លើសពីនេះទៀត យើងត្រូវតែពិនិត្យមើលសមាជិកក្រុមរបស់ខ្លួន តើមានឯកសារគ្រប់គ្រាន់ហើយឬនៅ ពិសេសអត្តសញ្ញាណប័ណ្ណហួសសុពលភាព ត្រូវរួសរាន់ធ្វើជូនពួកគាត់ឱ្យបានលឿន យុវជនដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលជាកិច្ចការចម្បងត្រូវដោះស្រាយជាបន្ទាន់។
លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់បន្ថែមទៀតថា បញ្ហាសាមគ្គីផ្ទៃក្នុង គឺសំខាន់បំផុត ដោយត្រូវធ្វើឱ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយៗ បើទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អទាំងអស់គ្នា ដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឱ្យបានរីកចម្រើនទៅមុខទៀត៕
ដោយ៖ ស៊ុម វណ្ណា





