ក្រសួងអប់រំ យុវជន និងកីឡា រៀបចំទិវាកីឡា ASEAN SPORTS DAY ឆ្នាំ២០២៦ ក្រោមប្រធានបទ "កីឡាបរិយាបន្នដើម្បីសុខដុមរមនានៅក្នុង សង្គម” ក្នុងខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ — ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡា "ASEAN SPORTS DAY” ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាបរិយាបន្នដើម្បីសុខដុមរមនានៅក្នុងសង្គម» នៅតាមដងស្ទឹងសែន ដែលជាទឹកដីដ៏ស្រស់បំព្រងនៃខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែសីហាឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមហាជន ប្រមាណ ១.០០០នាក់។ ក្នុងឱកាសទិវាកីឡាអាស៊ាន (ASEAN Sports Day) មានការចូលរួមលេងកីឡា លេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងក្បាច់គុណថែមទៀតផង។

ឯកឧត្តម កែ ប៊ុនខៀង បានបញ្ជាក់ថា ការរៀបចំទិវានេះ គឺអនុវត្តន៍តាមលិខិតលេខ ៦០៩សជណ.អវ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតជាគោលការណ៍ជូនក្រសួងអប់រំ យុវជន និងកីឡា រៀបចំទិវាកីឡាអាស៊ាន (ASEAN SPORTS DAY) នៅព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧មក ក្នុងគោលបំណងរំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាននាថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ និងការលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន និងដើម្បីបំផុសផ្សព្វផ្សាយឱ្យប្រជាជននៃបណ្តាប្រទេសជាសមាជិកចូលរួមលើកកម្ពស់របៀបរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមនីយកម្ម មានសុខភាពល្អ លើកកម្ពស់អត្តសញ្ញាណជាតិ អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡា ប្រពៃណី ល្បែងប្រជាប្រិយនៅក្នុងតំបន់និងនៅលើពិភពលោកដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងឱកាសទិវាកីឡាអាស៊ាន (ASEAN Sports Day) ឯកឧត្តម កែ ប៊ុនខៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន កុមារ មន្ត្រីរាជការ កងកម្លាំង និងបុគ្គលិកគ្រប់ស្ថាប័នទាំងអស់ ចូលរួមហាត់ប្រាណ និងលេងកីឡាឱ្យបានទៀងទាត់ដើម្បីលើកកម្ពស់សុខភាព បង្ការជំងឺ កសាងគ្រួសាររឹងមាំ និងសង្គមដែលមានសុខដុមរមនា។ សូមរួមគ្នាធ្វើឱ្យពាក្យរស្លោក «ប្រជាជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» ក្លាយជាការអនុវត្តជាក់ស្តែង និងសូមបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងស្មារតីគ្រួសារអាស៊ាន តាមរយៈសកម្មភាពកីឡា ដែលជាស្ពាននៃសន្តិភាព ការយោគយល់គ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកចូលរួមទិវាកីឡា "ASEAN SPORTS DAY” បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានលើកកម្ពស់អត្តសញ្ញាណជាតិ អភិរក្សនិងអភិវឌ្ឍន៍វិស័យកីឡាប្រពៃណីក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក៕

ដោយ៖ ស៊ុម វណ្ណា





