មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ដើម្បីពង្រឹងគុណភាព និងសេដ្ឋកិច្ចគ្រួសារ
AKP បន្ទាយមានជ័យ ថ្ងៃទី១ខែសីហាឆ្នាំ២០២៦ -- ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធា តុ និងលើកកម្ពស់ជីវភាពប្រជាកសិករតាមរយៈការបង្កើនទិន្នផលស្រូវ និងកាត់បន្ថយចំណាយដើមទុន លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទា យមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «វគ្គបណ្ដុះបណ្ដាលសាលារៀនស្រែកសិករ ស្ដីពីបច្ចេកទេសផលិតកម្មស្រូវបន្សាំនឹងអាកាសធាតុ ស្របតាមកម្មវិធីផលិតកម្មស្រូវប្រក បដោយនិរន្តរភាព (SRP)» កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ នៅភូមិចែង ឃុំទ្រាស ស្រុកស្វាយ ចេក។

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ លោក រុន សុផាន់ណារ៉ា បានគូសបញ្ជាក់យ៉ាងច្បាស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាស ធាតុមកលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ដែលជាប្រភពចំណូលចម្បងរបស់ប្រជាកសិករ។
លោកអនុប្រធានមន្ទីរបានលើកឡើងថា ការផ្លាស់ប្តូរទម្លាប់ធ្វើស្រែបែបបុរាណ មកអនុវត្តបច្ចេកទេសទំនើបបន្សាំនឹងអាកាសធាតុ ស្របតាមស្តង់ដារស្រូវប្រកបដោយនិរន្តរភាព (Sustainable Rice Platform - SRP) គឺជាកត្តាចាំបាច់បំផុតនាពេលបច្ចុប្បន្ន។

លោកបានមានប្រសាសន៍ដាស់តឿន និងជំរុញយ៉ាងទទូចថា ការអនុវត្តបច្ចេកទេស SRP មិនត្រឹមតែជួយឱ្យដំណាំស្រូវរបស់យើងមានភាពធន់នឹងការប្រែប្រួលធាតុអាកាស ដូចជាគ្រោះរាំងស្ងួត ឬទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការប្រើប្រាស់ពូជ ជី និងថ្នាំកសិកម្មលើសកម្រិត ដែលនាំឱ្យកសិករចំណេញថវិកាច្រើន ព្រមទាំងទទួលបានទិន្នផលខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកបរិភោគ និងស្របតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេសទៀតផង។
លោកបន្ថែមថា វគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករនេះ គឺជាវេទិកាសិក្សាអនុវត្តជាក់ស្តែងនៅនឹងវាលស្រែ ដែលធ្វើឱ្យកសិករងាយយល់ ងាយចាប់បាន និងអាចយកទៅប្រកបមុខរបរបង្កបង្កើនផលបានភ្លាមៗ។

ទន្ទឹមនឹងនេះ ប្រជាកសិករដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល បានសម្តែងនូវក្តីរំភើប និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះចំណេះដឹងថ្មីៗទាំងនេះ។ តំណាងកសិករចូលរួមបានលើកឡើងដោយក្តីរីករាយថា កន្លងមកពួកគាត់តែងតែជួបប្រទះបញ្ហាប្រឈមជាច្រើន ដូចជាការប្រែប្រួលធាតុអាកាសមិនទៀងទាត់ សត្វល្អិតបំផ្លាញ និងការចំណាយដើមទុនខ្ពស់លើជីនិងថ្នាំគីមី។ ប៉ុន្តែបន្ទាប់ពីបានទទួលការតម្រង់ទិស និងបណ្តុះបណ្តាលបច្ចេកទេស SRP នេះ ពួកគាត់បានយល់ដឹងច្បាស់ពីវិធីសាស្ត្ររៀបចំដី ការជ្រើសរើសពូជ ការគ្រប់គ្រងទឹក និងការប្រើប្រាស់ធាតុចូលកសិកម្មឱ្យចំគោលដៅ។ កសិករបានប្តេជ្ញាចិត្តថានឹងនាំយកចំណេះដឹងទាំងនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅលើក្បាលដីរបស់ខ្លួន និងចែករំលែកបន្តដល់កសិករដទៃទៀតក្នុងភូមិឃុំ ដើម្បីរួមគ្នាស្តារ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា ពិធីនេះមានការអញ្ជើញចូលរួមពី លោក សែ សាត ទីប្រឹក្សាគម្រោង PCRL ថ្នាក់ខេត្ត មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាមន្ត្រីបង្គោលគម្រោង ក្រុមប្រឹក្សាឃុំ មន្ត្រីកសិកម្មឃុំ អាជ្ញាធរភូមិ និងប្រជាកសិករ សរុបចំនួន ៤០នាក់ (ក្នុងនោះមានស្ត្រីចំនួន ២១នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានសមត្ថភាពកសិករមូលដ្ឋានឱ្យកាន់តែរឹងមាំ ក្នុងការអនុវត្តបច្ចេកទេសផលិតកម្មស្រូវប្រកបដោយនិរន្តរភាព និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងទៅអនាគត៕
ដោយ៖ ឈុន សារ៉ាត





