ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺអញ្ជើញលែងកូនត្រី និងត្រីមេពូជសរុប ១០ម៉ឺនក្បាល ចូលក្នុងទំនប់ពាមល្វា ស្រុកឱរ៉ាល់ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ
AKP កំពង់ស្ពឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម គង់ ឆាយ និងលោក សុខ សុទ្ធី អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោកឧកញ៉ា តាំង សុខឃី អគ្គនាយកក្រុមហ៊ុន ឃីចិន្តាគ្រុប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅចំណុចទំនប់ពាមល្វា ស្ថិតក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ពិធីអបអរសាទរទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើងដោយមានការលែងកូនត្រី និងត្រីមេពូជសរុបចំនួន ១០ម៉ឺនក្បាល (ដែលទទួលបានការឧបត្ថម្ភត្រីពូជពីអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកឧកញ៉ា តាំង សុខឃី) រួមមានប្រភេទ៖ ត្រីឆ្ពិន ត្រីកន្ធរ ត្រីប្រា ត្រីពោ និងត្រីក្រាញ់ ចូលទៅក្នុងអាងទឹកធម្មជាតិ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ទំនប់ពាមល្វានេះ មានផ្ទៃអាងទឹកទំហំ ៣០៨,៦៣ហិកតា និងជាអាងទី១ នៃស្ទឹងព្រែកត្នោត ដែលជាប្រភពស្តុកធនធានជលផលដ៏មានសក្តានុពលខ្ពស់ និងជាតំបន់សម្រាប់វារិជាតិបន្តពូជ ពងកូន រីកលូតលាស់ សាយភាយ និងចរាចរណ៍ទៅកាន់តំបន់ប្រភពទឹកផ្សេងៗទៀតក្នុងខេត្ត។

ក្នុងឱកាសនោះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធជាពិសេស អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយឧបត្ថម្ភត្រីពូជ ក៏ដូចជា លោកឧកញ៉ា តាំង សុខឃី អគ្គនាយកក្រុមហ៊ុន ឃីចិន្តាគ្រុប ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងឧបត្ថម្ភគាំទ្រដល់យុទ្ធនាការលែងកូនត្រីនាថ្ងៃនេះ។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាប្តេជ្ញាចិត្តការពារធនធានជលផល ដោយថែរក្សាអាងទឹកទំនប់ពាមល្វានេះ ឱ្យក្លាយជាជម្រកវារិជាតិដ៏សុវត្ថិភាព ដើម្បីធានាបាននូវការកើនឡើងនៃផលស្តុកត្រីធម្មជាតិ សម្រាប់បំពេញតម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទប់ស្កាត់ និងលុបបំបាត់រាល់បទល្មើសនេសាទខុសច្បាប់ ដោយបញ្ឈប់ជាដាច់ខាតនូវការប្រើប្រាស់ឧបករណ៍ឆក់ ថ្នាំពុល ឬមងក្រឡាញឹក ដែលជាទង្វើបំផ្លិចបំផ្លាញធនធានជលផល និងពូជត្រីកម្រៗយ៉ាងធ្ងន់ធ្ងរ និងត្រូវចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីជលផល ព្រោះទំនប់ពាមល្វានេះជាបេះដូងដំបូងគេនៃស្ទឹងព្រែកត្នោត ដែលមិនត្រឹមតែបម្រើឱ្យវិស័យកសិកម្មប៉ុណ្ណោះទេ តែថែមទាំងជួយរក្សាតុល្យភាពបរិស្ថានធម្មជាតិទៀតផង៕

ដោយ ម៉ែន ប៊ុនធីម





