មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត
AKP កំពង់ធំ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត ក្រោមអធិបតីភាពលោក តាំង ម៉េងលាន អភិបាលរងខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក តាន់ វាសនា បានសម្តែងការស្វាគមន៍ចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល និងបានបញ្ចាក់ពីការងារអនុវត្តកន្លងមករបស់មន្ទីរអភិវឌ្ឍន៍ជនបទក៏ដូចជាគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ និងអាជ្ញាធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចូលរួមយ៉ាងជិតស្និទ្ធិ ក្នុងការអនុវត្តន៍លើការងារផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទដោយសម្រេចបានជោគជ័យ និងប្រែក្លាយខេត្តកំពង់ធំ ជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីឆ្នាំ២០២៥ និងបានគ្រោងទុកខេត្តគ្មានការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅឆ្នាំ២០៣០។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ដើម្បីឱ្យខេត្តកំពង់ធំ សម្រេចបានតាមគោលដៅ គ្មានការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងនោះត្រូវតែមានកិច្ចសហការួមគ្នា រវាងមន្ទីរខេត្ត និងរដ្ឋបាលក្រុង ស្រុក ស្ថាប័នពាក់ព័ន្ធ អង្គការគូ ពិសេសការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាន ក្នុងការជួយរៀបចំ និងគ្រប់គ្រងទិន្នន័យអនាម័យ ជួយអប់រំ ព្រមទាំងផ្សព្វផ្សាយដល់សហគមន៍សាង់សង់ និងប្រើប្រាស់បង្គន់គ្រប់ខ្នងផ្ទះ និងស្នើសុំអង្គការដៃគូជួយគាំទ្រតាមបណ្តាភូមិ ឃុំគោលដៅក្នុង ស្រុកដើម្បីសម្រេចតាមផែនការ ODF+។
លោក តាំង ម៉េងលាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយថាមវន្តនិងគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំការពារ ថែរក្សាសុខសន្តិភាព និងបានបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយបានកំណត់អាទិភាពគន្លឹះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល) ដើម្បីសម្រេចបាននូវចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកអភិបាលរងខេត្តបានបន្តថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ដោយកំណត់យកចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និងមានសេចក្តីថ្លៃថ្នូរ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានជម្រុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ បន្តរួមចំណែកពង្រឹងការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទបន្ថែមទៀត នៅក្នុងខេត្តកំពង់ធំដើម្បីលើកកម្ពស់គុណភាពជីវិត សុខុមាលភាពប្រពលរដ្ឋ និងរួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕
ដោយ ស៊ុម វណ្ណា





