រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិកនិយាយថា ជម្លោះអ៊ុយក្រែនមិនបានកាត់បន្ថយការនាំចេញប្រេងរបស់រុស្ស៊ីទេ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ -- លោក គ្រីស វ្រ៉ាយត៍ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ថាជម្លោះនៅអ៊ុយក្រែនមិនបានបណ្តាលឱ្យមានការនាំចេញប្រេងរបស់រុស្ស៊ីថយចុះនោះទេ។
លោក វ្រ៉ាយត៍ បានប្រាប់ Bloomberg TV ថា «ជម្លោះនោះ [នៅអ៊ុយក្រែន] មិនបានរំខានដល់លំហូរប្រេងទេ។ វាគ្រាន់តែជាការភ័យខ្លាចចំពោះការរំខានដល់លំហូរប្រេងប៉ុណ្ណោះ។ រដ្ឋបាលលោក បៃដិន ខ្លាចថារុស្ស៊ីនឹងបន្ថយការនាំចេញប្រេង ឬប្រេងម៉ាស៊ូតចម្រាញ់របស់ពួកគេ ហើយរុស្ស៊ីមិនបានកាត់បន្ថយការនាំចេញរបស់ពួកគេទេ។ គ្រាន់តែការភ័យខ្លាចនិងការគ្រប់គ្រងមិនល្អប៉ុណ្ណោះ»។
រុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រទេសនេះនឹងទប់ទល់នឹងសម្ពាធទណ្ឌកម្មដែលលោកខាងលិចបានចាប់ផ្តើមដាក់លើទីក្រុងមូស្គូកាលពីប៉ុន្មានឆ្នាំមុន ហើយបន្តកើនឡើង។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីមុនបាននិយាយថាគោលនយោបាយទប់ស្កាត់ និងធ្វើឱ្យរុស្ស៊ីចុះខ្សោយ គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់លោកខាងលិច ហើយទណ្ឌកម្មបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
លោកប្រធានាធិបតីក៏បានបញ្ជាក់ផងដែរថា ទណ្ឌកម្មប្រឆាំងនឹងប្រេងរបស់រុស្ស៊ីនឹងនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេង និងផលិតផលប្រេងកាត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





