ចិន និងថៃ នឹងធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នានៅខែសីហា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងប្រទេសថៃ នឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាមួយឈ្មោះថា «Falcon Strike-2026» នៅក្នុងប្រទេសថៃក្នុងខែសីហា។
លោក ជាំង ប៊ីន (Jiang Bin) អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា ប្រទេសចិននឹងបញ្ជូនយន្តហោះ និងអង្គភាពជាច្រើនប្រភេទទៅកាន់សមយុទ្ធនេះ រួមទាំងកងកម្លាំងការពារដែនអាកាសដែលមានមូលដ្ឋានលើដីគោកផងដែរ។
លោក ជាំង បានបន្ថែមថា ភាគីទាំងពីរនឹងធ្វើសមយុទ្ធការពារដែនអាកាស ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។
លោកបានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ហ្វឹកហាត់លើកទី៩ នៃប្រភេទនេះរវាងកងកម្លាំងអាកាសទាំងពីរ ហើយមានគោលបំណងពង្រឹងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងប្រទេសថៃបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





