អង្គភាពប្រឆាំងអំពើពុករលួយបើកវគ្គបណ្តុះបណ្តាល AI ដើម្បីលើកកម្ពស់ការងារសាធារណៈ និងកិច្ចការព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីបង្កើនសមត្ថភាពមន្រ្តី ក៏ដូចជាក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារសាធារណៈ និងកិច្ចការព័ត៌មាន» ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អ.ប.ព. នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ ដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាឧបករណ៍គាំទ្រការងារ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងទំនួលខុសត្រូវ។

គួរបញ្ជាក់ផងដែរថា ពិធីបើកវគ្គនេះធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម លៀង សូរ្យរិទ្ធ ជំនួយការកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព.។

ឯកឧត្តម ទូច ស៊ុនណារី ក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍន៍ជំនាញឌីជីថលរបស់មន្ត្រី ដើម្បីឆ្លើយតបនឹងតម្រូវការការងារក្នុងសម័យឌីជីថល និងការបង្កើនប្រសិទ្ធភាពការងារស្ថាប័ន ក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ពីសំណាក់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព.។
ឯកឧត្តម ទូច ស៊ុនណារី បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យា គឺជាអាទិភាពសម្រាប់ការកសាងរដ្ឋបាលសាធារណៈទំនើប ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ។

បន្ទាប់មក សិក្ខាកាមបានទទួលការណែនាំអំពីគោលបំណង ខ្លឹមសារនៃវគ្គ និងការត្រៀមប្រើប្រាស់ឧបករណ៍ឌីជីថល ដូចជា Google Account និង Mozilla Firefox លើកុំព្យូទ័រ និងទូរសព្ទដៃ សម្រាប់ការអនុវត្តន៍ជាក់ស្តែង ដោយ ឯកឧត្តម លៀង សូរ្យរិទ្ធ ជំនួយការកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព.។
វគ្គនេះ ឯកឧត្តម លៀង សូរ្យរិទ្ធ ក៏ធ្វើបទឧទ្ទេសនាមស្តីពី AI ទូទៅ ដោយផ្តោតលើការយល់ដឹងអំពីបច្ចេកវិទ្យា AI វិស្វកម្មរហ័ស (Prompt Engineering) កំហុសចំនួន ៧ ដែលគួរជៀសវាងក្នុងការប្រើប្រាស់ AI សម្រាប់ការងារផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងគោលការណ៍ទំនួលខុសត្រូវក្នុងការប្រើប្រាស់ AI ក៏ដូចជា មេរៀនអនុវត្តលើឧបករណ៍ AI រួមមាន ChatGPT និងការអនុវត្ត Prompt, Perplexity AI, Notta AI និង Gamma AI ដែលផ្តល់ឱកាសដល់សិក្ខាកាមក្នុងការអនុវត្តផ្ទាល់លើការងារជាក់ស្តែង ដើម្បីអាចយកទៅប្រើប្រាស់ក្នុងការរៀបចំឯកសារ ស្រាវជ្រាវព័ត៌មាន កត់ត្រាកិច្ចប្រជុំ បង្កើតខ្លឹមសារផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធភាពការងារ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អង្គភាពប្រឆាំងអំបើពុករលួយនឹងបន្តលើកកម្ពស់សមត្ថភាពមន្ត្រី និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឧបករណ៍គាំទ្រការងារ ដោយផ្អែកលើគោលការណ៍ ប្រសិទ្ធភាព សុវត្ថិភាព ក្រមសីលធម៌ និងទំនួលខុសត្រូវ ដើម្បីរួមចំណែកក្នុងការកសាងស្ថាប័នសាធារណៈទំនើប និងមានសមត្ថភាពឆ្លើយតបនឹងការវិវឌ្ឍនៃសង្គមឌីជីថល៕

ដោយ មករា





