ក្រមាសូត្របន្ទាយឆ្មារ និងអាងត្រពាំងថ្ម រំលេចខ្លួនយ៉ាងត្រដែតក្នុងវេទិកាជាតិលើកទី១ នៅខេត្តសៀមរាប
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--ផលិតផលក្រមាសូត្រប្រកបដោយស្នាដៃប្រណិត និងអត្តសញ្ញាណបេតិកភណ្ឌយ៉ាងរស់រវើក មកពីសហគមន៍ទេសចរណ៍បន្ទាយឆ្មារ និងសហគមន៍អាងត្រពាំងថ្ម នៃខេត្តបន្ទាយមានជ័យ បានទាក់ទាញខ្សែភ្នែក និងការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុង «វេទិកាជាតិលើកទី១ ស្តីពីការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ» ដែលបានរៀបចំឡើងនៅសណ្ឋាគារ សុខា សៀមរាប កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦។

អញ្ជើញដឹកនាំប្រតិភូ និងសហការីនាំយកមោទនភាពក្នុងស្រុកនេះទៅបង្ហាញលើឆាកជាតិ លោកស្រី ស៊ុំ នាងឌីន អនុប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់អំពីតម្លៃស៊ីជម្រៅនៃសិប្បកម្មតម្បាញដៃបុរាណ ព្រមទាំងយុទ្ធសាស្ត្រនៃការភ្ជាប់ផលិតផលសហគមន៍ទៅកាន់ទីផ្សារទេសចរណ៍ធំៗ។

លោកស្រី ស៊ុំ នាងឌីន បានលើកឡើងថា ការនាំយកក្រមាសូត្រពីសហគមន៍បន្ទាយឆ្មារ និងសហគមន៍អាងត្រពាំងថ្ម មកដាក់តាំងបង្ហាញនាពេលនេះ មិនត្រឹមតែជាការផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការ «លើកតម្កើងព្រលឹងវប្បធម៌ និងត្បាញដង្ហើមសេដ្ឋកិច្ចមូលដ្ឋាន»។
ក្រមាសូត្រដែលផលិតដោយដៃប្រជាសហគមន៍យើង មិនមែនគ្រាន់តែជាក្រណាត់ ឬវត្ថុអនុស្សាវរីយ៍ធម្មតានោះទេ ប៉ុន្តែវាជាស្នាដៃសិល្បៈដែលផ្ទុកនូវរឿងរ៉ាវ ប្រវត្តិសាស្ត្រ និងការប្រឹងប្រែងរបស់ប្រជាសហគមន៍ក្នុងខេត្តបន្ទាយមានជ័យ។ ការចូលរួមក្នុងវេទិកាជាតិនេះ គឺជាស្ពានចម្លងផលិតផលអ្នកស្រុក ឲ្យឈានទៅដល់ដៃភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែទូលំទូលាយ នេះជាការបញ្ជាក់របស់លោកស្រី ស៊ុំ នាងឌីន។
ក្រមាសូត្រដែលបាននាំយកមកបង្ហាញក្នុងព្រឹត្តិការណ៍ជាតិដ៏ធំមួយនេះ មានលក្ខណៈពិសេសជាច្រើនដែលទាក់ទាញចិត្តអ្នកចូលរួមអត្តសញ្ញាណដើមពិតៗ ផលិតចេញពីសូត្រធម្មជាតិ និងល័ក្ខជ្រលក់ពណ៌ធម្មជាតិដែលស្រង់ចេញពីរុក្ខជាតិក្នុងស្រុក ធានាបាននូវគុណភាពខ្ពស់ និងសុវត្ថិភាព។រំលេចស្នាដៃតម្បាញដៃ ឆ្លុះបញ្ចាំងពីភាពស្ទាត់ជំនាញ ការអត់ធ្មត់ និងភាពផ្ចិតផ្ចង់របស់អ្នកតម្បាញក្នុងសហគមន៍បន្ទាយឆ្មារ និងអាងត្រពាំងថ្ម។
ការភ្ជាប់សេដ្ឋកិច្ចមូលដ្ឋានរាល់ការគាំទ្រក្រមាសូត្រមួយផ្ទាំង គឺជាការជួយបង្កើនចំណូលផ្ទាល់ដល់ស្រ្តី និងគ្រួសារនៅក្នុងសហគមន៍ទេសចរណ៍ បង្កើតបានជា «សេដ្ឋកិច្ចវិលជុំប្រកបដោយនិរន្តរភាព»។ទស្សនវិស័យ ប្រែប្រួលសិប្បកម្មស្រុកស្រែ ឲ្យទៅជាកាតាលីករទេសចរណ៍។

ការចូលរួមរបស់មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ក្នុងវេទិកាជាតិលើកទី១នេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទៈយ៉ាងមុតមាំក្នុងការជំរុញយុទ្ធសាស្ត្រ «ទំនិញ១ ភូមិ១» និងការបង្កើនតម្លៃបន្ថែម ដល់វិស័យទេសចរណ៍បែបធម្មជាតិ និងបេតិកភណ្ឌ។
មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ព្រមទាំងសហការី បានប្តេជ្ញាចិត្តក្នុងការបន្តសហការជាមួយសហគមន៍មូលដ្ឋាន ដើម្បីអភិវឌ្ឍគុណភាព ការច្នៃម៉ូដ និងការវេចខ្ចប់ឲ្យកាន់តែមានប្រណីតភាព ទាក់ទាញទីផ្សារលំដាប់ខ្ពស់ ដោយមិនបាត់បង់អត្តសញ្ញាណដើមនៃវប្បធម៌ខ្មែរឡើយ៕
ដោយ ឈុន សារ៉ាត





