រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការពង្រឹងគុណភាពព័ត៌មាន គឺជាកិច្ចការងារសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦–ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការពង្រឹងគុណភាពព័ត៌មាន គឺជាកិច្ចការងារសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ ហើយនៅក្នុងក្របខ័ណ្ឌនៃការប្រកួតប្រជែង យើងទាំងអស់គ្នាត្រូវដឹងថា អតិថិជន គឺជាស្តេច ប៉ុន្តែសម្រាប់នៅក្នុងវិស័យព័ត៌មានរបស់យើងវិញ ខ្លឹមសារ/អត្ថបទ គឺជាស្តេច ដែលនាំឱ្យសារព័ត៌មានរបស់យើងទទួលបាននូវការទាក់ទាញ ឬក៏មិនទាក់ទាញ។ ការថ្លែងបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានយ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន» លើកទី៩ ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានចំនួន៣ នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមាគមសារព័ត៌មានចំនួន៣ រួមមាន សមាគមសហព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព សមាគមសហព័ន្ធយុវជនសារព័ត៌មាន ដើម្បីសន្តិភាព និងសមាគមសហព័ន្ធអ្នកសារព័ត៌មានក្នុងសន្តិភាព ដែលបានសហការគ្នាក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩នាពេលនេះ ដោយមានសិក្ខាកាមចំនួន ១៨០នាក់មកពី ៥០អង្គភាពចូលរួម ខណៈដែលវគ្គបណ្តុះបណ្តាលទាំង៩វគ្គទាំងវគ្គនេះមានសិក្ខាកាមចូលរួមចំនួន ១,៤៤១នាក់។ វគ្គបណ្តុះបណ្តាលលើកទី៩នេះបានផ្ដោតលើប្រធានបទ២គឺ ១.អក្ខរកម្មបញ្ញាសិប្បនិម្មិតសម្រាប់អ្នកសារព័ត៌មាន និងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ ២.ការរាយការណ៍ព័ត៌មានក្នុងស្ថានភាពមានវិបត្តិ និងជម្លោះ ដោយគោរពតាមស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការរួមសហការគ្នាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងគឺជាការបង្ហាញនូវសាមគ្គីភាពមួយយ៉ាងសំខាន់នៅក្នុចំណោមអ្នកសារព័ត៌មានរបស់យើង។ នេះគឺជាការចូលរួមជាមួយក្រសួង ជាមួយរាជរដ្ឋាភិបាលនៅក្នុងការពង្រឹងគុណភាពអ្នកសារព័ត៌មាន ហើយការដែលយើងចូលមកទទួលយកការនេះ មិនមែនមានន័យថាយើងខ្សោយទេ មិនមែនមានន័យថាយើងអត់ចេះនោះទេ ក៏ប៉ុន្តែគឺជាការដែលយើងបំពាក់បំប៉នបន្ថែម ពង្រឹងសមត្ថភាព ចំណេះដឹងដែលយើងមាន ដើម្បីឱ្យកាន់តែរឹងមាំ ហើយវាបន្ស៊ីទៅនឹងការវិវត្តរបស់សង្គម។ ពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់អ្នកសារព័ត៌មានឯកឧត្តមរដ្ឋមន្ត្រីបានដាក់ជាសំណួរថា តើយើងត្រូវប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬក៏ AI នេះឱ្យស្របទៅតាមក្របសីលធម៌ និងការទទួលខុសត្រូវដូចម្តេច ដើម្បីឱ្យយើងមានសុវត្ថិភាពទាំង អ្នកប្រើប្រាស់ ទាំងអ្នកដែលទទួលព័ត៌មានពីយើង ដែលចំណុចនេះក្រសួងព័ត៌មានបានលើកឡើងពាក់ព័ន្ធជាមួយនឹងសន្តិសុខព័ត៌មានដែលយើងផ្តោតទៅលើចំណុច ៣សំខាន់ ដែលជាកត្តារួមផ្សំទៅលើការងារសន្តិសុខព័ត៌មាន ទី១.សិទ្ធិទទួលព័ត៌មាន៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិពេញលេញ ទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ។ ទី២. គុណភាពព័ត៌មាន៖ គឺយើងពង្រឹងគុណភាពនៃអត្ថបទរបស់យើង និងគុណភាពព័ត៌មានដែលយើងផ្សព្វផ្សាយទៅ គឺមិនមែនជាព័ត៌មានដែលមិនមានប្រយោជន៍សម្រាប់ប្រជាជនរបស់យើងនោះទេ។ អ៊ីចឹងការពង្រឹងគុណភាពនេះគឺជាការសំខាន់ ដោយសារបច្ចុប្បន្នយើងឃើញមានប្រព័ន្ធផ្សព្វផ្សាយច្រើន ដែលយើងសូមលើកត្រឹមតែបណ្តាញទៅសង្គមចុះ ទី១.បណ្តាញសង្គម Facebook យើងបច្ចុប្បន្នមាន ១៥លានគណនី Facebook សម្រាប់ប្រជាជន ១៧លាននាក់នៅកម្ពុជារបស់យើង។ ទី២.TikTok គណនី TikTok នៅក្នុងរយៈពេល ៣ឆ្នាំ ៤ឆ្នាំចុងក្រោយនេះទេ មានការកើនឡើងហើយមានប្រជាប្រិយភាពនៅក្នុងចំណោមប្រជាជន គឺប្រមាណជា ១០លានគណនី។

ឆ្លើយតបទៅនឹងប្រធានបទនៃការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់អ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា យើងត្រូវពង្រឹងសមត្ថភាពរបស់យើងនៅក្នុងក្របខ័ណ្ឌនេះ ក៏ប៉ុន្តែសូមកុំជឿ AI ពេក ពីព្រោះ AI គឺមនុស្សបង្កើតឡើងទេ ហើយ AI មិនអាចចេះអ្វីៗទាំងអស់ទេ ហើយប្រសិនបើអ្នកសារព័ត៌មានដាក់ប្រធានបទឱ្យ AI សរសេរអត្ថបទព័ត៌មានជំនួសខ្លួន នៅ ពេលដែលខុស AI គឺមិនមែនជាអ្នកទទួលខុសត្រូវទេ ផ្ទុយទៅវិញអ្នកសារព័ត៌មាន ឬជាម្ចាស់អត្ថបទទៅវិញទេ ដែលជាអ្នកខុសត្រូវ៕

ដោយ៖ ចាន់ សុភឿន , រូបភាព៖ ខឹម សុវណ្ណារ៉ា





