អូស្ត្រាលីបង្កើនការគាំទ្រដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៦ -- ប្រទេសអូស្ត្រាលីកំពុងវិនិយោគថវិកាបន្ថែមចំនួន ៣លានដុល្លារអូស្រ្តាលី ដើម្បីជួយដល់គ្រួសារកម្ពុជាដែលងាយរងគ្រោះ ឱ្យទទួលបានការគាំទ្រនៅពេលជួបប្រទះការលំបាកផ្នែកសេដ្ឋកិច្ច គ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិផ្សេងៗទៀត។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិ លោកស្រីបណ្ឌិត អាន អាលី (Anne Aly) បានប្រកាសពីការផ្តល់ថវិកានេះ ក្នុងកំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃភាពជាដៃគូរបស់អូស្ត្រាលីក្នុងការគាំទ្រដល់តំបន់មួយដែលមានភាពធន់ និងវិបុលភាពជាងមុន។
ថវិកានេះនឹងត្រូវផ្តល់ជូនតាមរយៈកម្មវិធីលើកកម្ពស់គាំពារសង្គម និងសុខាភិបាល ដែលវានឹងជួយពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា ដើម្បីឱ្យការផ្តល់ជំនួយអាចធ្វើឡើងបានកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន ដល់ក្រុមគ្រួសារដែលត្រូវការជំនួយបំផុត។ ការវិនិយោគនេះក៏នឹងជួយការពារជីវភាពរស់នៅ កាត់បន្ថយភាពងាយរងគ្រោះ និងធានាថា សហគមន៍នានាមានការរៀបចំខ្លួនបានល្អប្រសើរជាងមុន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានានាពេលអនាគត។


ថវិកាបន្ថែមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាក់ស្តែង ដែលពង្រឹងប្រព័ន្ធគាំពាសង្គមក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍យូរអង្វែង។
នៅក្នុងពិធីប្រកាស ការផ្តល់ជំនួយហិរញ្ញប្បទានបន្ថែមរបស់រដ្ឋាភិបាលអូស្រ្តាលីគាំទ្រដល់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលធ្វើឡើងនៅមន្ទីរពេទ្យកុមារជាតិនារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកស្រីបណ្ឌិត អាន អាលី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិអូស្រ្តាលី បានមានប្រសាសន៍ថា «ថវិកាបន្ថែមចំនួន ៣លានដុល្លារនេះ នឹងជួយគ្រួសារដែលងាយរងគ្រោះឱ្យទទួលបានការគាំទ្រ នៅពេលដែលពួកគេត្រូវការបំផុត»។
លោកស្រី បានបន្ថែមថា «ប្រព័ន្ធគាំពារសង្គមដែលកាន់តែរឹងមាំ មានន័យថា សហគមន៍នានានឹងមានសុវត្ថិភាព និងមានភាពធន់ជាងមុន។ កម្ពុជាដែលមានភាពធន់ជាងមុន រួមចំណែកដល់តំបន់មួយដែលកាន់តែរឹងមាំ និងមានស្ថិរភាពជាងមុន»៕

ដោយ៖ យា ចិន្តាខន្តី





