ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជា៣ចំណុច ដល់កងកម្លាំងចម្រុះក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ដាក់ចេញបទបញ្ជាចំនួន៣ចំណុច ស្តីពីការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះកំពុងប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក ហែម ថន នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាល និងលោក យ៉ាន លីម មន្រ្ដីជលផលជាប់កិច្ចសន្យា តំណាងឱ្យសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយក្រោម នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានឡើងរាយការណ៍បញ្ជាក់ថា អស់រយៈពេលជិត២ឆ្នាំ ដែលកងកម្លាំងចម្រុះ ដោយមានកងយោពលខេមរភូមិន្ទជាស្នូល បានធ្វើសកម្មភាព ការពារ ទប់ស្កាប់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ពិនិត្យជារួមបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ បឹងទន្លេសាប ខេត្តកំពង់ធំ មានការថយចុះប្រមាណពី៧០% ទៅ ៨០% ដោយកងកម្លាំងចម្រុះ បានខិតខំធ្វើសកម្មភាពជារៀងរាល់ថ្ងៃទាំងការអប់រំ ណែនាំ វិធានការរដ្ឋបាល និងការបង្ក្រាបឧបករណ៍ល្មើសនេសាទខុសច្បាប់នៅនឹងកន្លែងបានជាប់ជាប្រចាំ។ ជាមួយនេះប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់ និងបានចូលរួមអនុវត្តន៍តាមច្បាប់ស្ដីពីជលផលថ្មីផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលមានកងយោធពលខេមរភូមិន្ទជាស្នូល បានខិតខំបំពេញភារកិច្ចមិនខ្លាចលំបាកនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងក្នុងរដូវប្រាំង ក៏ដូចជារដូវវស្សា ដោយបានពុះពារនៅរាល់បញ្ហាប្រឈមនានា និងគ្រប់ឧបសគ្គទាំងលក្ខណៈភូមិសាស្ត្រ និងលក្ខណៈធម្មជាតិពិសេសបានធ្វើសកម្មភាពយាមល្បាតតំបន់អភិរក្សពូជត្រីទាំងនៅពេលយប់ និងនៅពេលថ្ងៃ នៅតំបន់បឹងទន្លេសាប ដែលសកម្មភាពនេះបានធ្វើឱ្យទិន្នផលត្រីសំបូរឡើងវិញ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានណែនាំនូវវិធានការមួយចំនួន ក្នុងការអនុវត្តន៍ច្បាប់ស្ដីពីជលផលថ្មីនៅក្នុងរដូវបិទនេសាទនេះ និងបានដាក់ចេញនូវបទបញ្ជាចំនួន ចំនួន ៣គឺ៖ ទី១.ត្រូវបង្ក្រាបឱ្យបានដាច់ខាតមិនឱ្យមានការឆក់ត្រីតាមគ្រប់រូបភាព។ ទី២.ត្រូវបង្ក្រាបឱ្យបានឧបករណ៍នេសាទស្បៃមុងខុសច្បាប់ នៅគ្រប់ទីកន្លែង និងទី៣.ត្រូវការពារឱ្យបានតំបន់អភិរក្សពូជត្រី នៅគ្រប់ទីកន្លែងនិងបានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ត្រូវទប់ស្កាត់ឱ្យបាន មិនត្រូវឱ្យមានការនេសាទលៀស ដោយប្រើប្រាស់គ្រឿងម៉ាស៊ីនជាដាច់ខាត។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ព្រមទាំងប្រេងឥន្ធនៈ ដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីបន្តសហការ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទនេះឱ្យទទួលបានជោគជ័យ ដើម្បីធ្វើឱ្យផលត្រីសម្បូរឡើងវិញ ក្នុងការបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

ដោយ ស៊ុម វណ្ណា





