អត្រាកំណើតនៅសិង្ហបុរីធ្លាក់ចុះក្រោម ៣០.០០០នាក់ជាលើកដំបូង ចាប់តាំងពីទទួលបានឯករាជ្យ ចំពេលដែលមានវិបត្តិប្រជាសាស្ត្រកាន់តែធ្ងន់ធ្ងរឡើង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ -- ប្រទេសសិង្ហបុរី បានកត់ត្រាកំណើតតិចជាង ៣០.០០០នាក់នៅក្នុងឆ្នាំ២០២៥ ជាលើកដំបូង ចាប់តាំងពីទទួលបានឯករាជ្យ ដែលបង្ហាញពីសម្ពាធប្រជាសាស្ត្រកាន់តែខ្លាំងឡើងពីអត្រាមានកូនទាបជាប់លាប់ និងចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស។នេះបើយោងតាមទិន្នន័យផ្លូវការដែលដកស្រង់ដោយសារព័ត៌មាន The Straits Times។
យោងតាមរបាយការណ៍ ស្តីពីការចុះបញ្ជីកំណើត និងមរណភាពឆ្នាំ២០២៥ ដែលចេញផ្សាយដោយអាជ្ញាធរអន្តោប្រវេសន៍ និងចំណុចត្រួតពិនិត្យ បានឱ្យដឹងថា ទារកសរុបចំនួន ២៩.៨៦៤នាក់បានកើតក្នុងឆ្នាំ២០២៥ ដែលធ្លាក់ចុះ ១១,៤% ពីចំនួន ៣៣.៧០៣នាក់កាលពីមួយឆ្នាំមុន។
តួលេខនេះ គឺជាចំនួនកំណើតប្រចាំឆ្នាំទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រក្រោយឯករាជ្យរបស់រដ្ឋទីក្រុងនេះ។ នៅក្នុងឆ្នាំ១៩៦៥ ជាឆ្នាំដែលសិង្ហបុរីទទួលបានឯករាជ្យ ទារកចំនួន ៥៥.៧២៥នាក់បានកើត។
ទិន្នន័យចុងក្រោយបំផុតនេះ បានកើតឡើងបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ហ្កាន់ គីមយ៉ុង បាននិយាយកាលពីខែកុម្ភៈថា អត្រាមានកូនសរុបរបស់ប្រជាជនបានធ្លាក់ចុះដល់កម្រិតទាបបំផុត គឺ ០,៨៧ ក្នុងឆ្នាំ២០២៥ដោយលោកបានព្រមានថា ចំនួនប្រជាជនសិង្ហបុរីអាចចាប់ផ្តើមថយចុះនៅដើមទសវត្សរ៍ឆ្នាំ២០៤០ បើគ្មានអន្តរាគមន៍គោលនយោបាយបន្ថែមទៀតទេ។
រដ្ឋាភិបាលបានពិពណ៌នាអំពីការថយចុះនៃអត្រាកំណើត និងការកើនឡើងនៃចំនួនអ្នកស្លាប់ថាជាបញ្ហាប្រឈមនៃអត្ថិភាព ហើយបានសន្យាថានឹងបន្តគាំទ្រដល់អាពាហ៍ពិពាហ៍ និងភាពជាឪពុកម្តាយ ខណៈដែលរក្សាគោលនយោបាយអន្តោប្រវេសន៍ដែលគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីបំពេញបន្ថែមកម្លាំងពលកម្ម។
របាយការណ៍នេះក៏បានបង្ហាញផងដែរថា ៨៧% នៃទារកដែលកើតនៅក្នុងឆ្នាំ២០២៥ មានឪពុកម្តាយជនជាតិសិង្ហបុរីយ៉ាងហោចណាស់ម្នាក់។មន្ត្រីបានកត់សម្គាល់ថា ម្តាយដែលទើបសម្រាលកូនលើកដំបូងនៅតែបន្តមានកូននៅអាយុច្រើន ដែលឆ្លុះបញ្ចាំងពីនិន្នាការទូលំទូលាយនៃអាពាហ៍ពិពាហ៍យឺតយ៉ាវ និងភាពជាឪពុកម្តាយ។
ទោះបីជាមានតួលេខកំណើតទាបបំផុតក៏ដោយ សូចនាករមួយចំនួនមានភាពប្រសើរឡើង។ យោងតាមរបាយការណ៍ បានឱ្យដឹងថា កំណើតរបស់ម្តាយវ័យជំទង់បានធ្លាក់ចុះ ៤៣% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម១៤០នាក់ ខណៈដែលការចុះឈ្មោះទារកដែលគ្មានឈ្មោះឪពុកបានធ្លាក់ចុះ២២% មកនៅត្រឹម ២៥៨នាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





