ចិនជំរុញឱ្យបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធ ប្រទេសចិនបានជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយភាពខុសគ្នារបស់ពួកគេតាមរយៈកិច្ចសន្ទនា និងកិច្ចពិគ្រោះយោបល់ និងលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹងនៅក្នុងសមុទ្រក្រហម។
ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងសមុទ្រក្រហម នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅនីង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំមួយនៅទីក្រុងប៉េកាំងនៅពេលសួរអំពីរបាយការណ៍នៃកិច្ចចរចារវាងភាគីចិន និងក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន ស្តីពីសុវត្ថិភាពនាវាដឹកប្រេង។
លោកស្រីបាននិយាយថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសក្នុងតំបន់គួរតែត្រូវបានគោរព ខណៈដែលការឆ្លងកាត់ដោយសុវត្ថិភាព និងគ្មានឧបសគ្គតាមរយៈផ្លូវទឹកអន្តរជាតិគួរតែត្រូវបានការពាររួមគ្នា។
ភាពតានតឹងនៅក្នុងសមុទ្រក្រហម បានកើនឡើងបន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីបានប្រកាសពីការហាមឃាត់ផ្លូវសមុទ្រដែលកំណត់គោលដៅលើអារ៉ាប៊ីសាអូឌីត និងបានបើកការវាយប្រហារដោយមីស៊ីលលើនាវាដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត បន្ទាប់ពីជម្លោះលើយន្តហោះអ៊ីរ៉ង់មួយគ្រឿងដែលត្រូវបានបដិសេធមិនឱ្យចុះចតនៅទីក្រុងសាណា។
សមុទ្រក្រហម គឺជាច្រករបៀងផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលភ្ជាប់អឺរ៉ុប និងអាស៊ី។ ការវាយប្រហារម្តងហើយម្តងទៀតលើការដឹកជញ្ជូនពាណិជ្ជកម្ម បានរំខានដល់ពាណិជ្ជកម្មសកលលោក បង្កើនថ្លៃដឹកជញ្ជូន និងជំរុញឱ្យមានការពង្រីកការដាក់ពង្រាយកងទ័ពជើងទឹកអន្តរជាតិដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





