ភ្លើងឆេះព្រៃនៅប្រទេសបារាំង និងអេស្ប៉ាញចាប់ផ្តើមថមថយ ខណៈរលកកំដៅថ្មីកំពុងវាយប្រហារ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ -- ភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញប្រទេសបារាំង និងអេស្ប៉ាញអស់រយៈពេលជាច្រើនថ្ងៃ ដោយបានដុតបំផ្លាញដីរាប់ពាន់ហិកតា និងបង្ខំឱ្យមានការជម្លៀសចេញនោះ បានចាប់ផ្តើមធូរស្រាលហើយកាលពីថ្ងៃពុធ ខណៈដែលរលកកំដៅថ្មីបានគ្របដណ្ដប់លើតំបន់ទាំងនោះ។
នៅក្នុងខេត្តហ្គីរ៉ុនដេ នៅភាគនិរតីនៃប្រទេសបារាំង ខេត្តនេះបានប្រកាសថា ភ្លើងឆេះព្រៃមានស្ថេរភាពហើយនៅពេលព្រឹកថ្ងៃពុធ បើទោះបីជាមានការឆេះឡើងជាច្រើនលើក និងត្រូវបានគ្រប់គ្រងពេញមួយយប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBFMTV។
ខេត្តនេះបានកត់សម្គាល់ថា យប់នោះមានភាពស្ងប់ស្ងាត់ ខណៈដែលក្រុមពន្លត់អគ្គីភ័យជាង ២.០០០នាក់នៅតែត្រូវបានចល័តដើម្បីធានាសុវត្ថិភាពបរិវេណភ្លើងដែលនៅតែសកម្ម និងពន្លត់ចំណុចក្តៅដែលនៅសល់។
វាបាននិយាយថា អ្នកពន្លត់អគ្គីភ័យចំនួន ១២៦នាក់បានរងរបួសចាប់តាំងពីការចាប់ផ្តើមភ្លើងឆេះនៅក្នុងខេត្តហ្គីរ៉ុនដេមក។
ទន្ទឹមនឹងនេះ ភ្លើងឆេះព្រៃមួយនៅក្នុងខេត្តវ៉ារនៅភាគអាគ្នេយ៍ ត្រូវបានទប់ស្កាត់កាលពីថ្ងៃអង្គារ បន្ទាប់ពីបានដុតបំផ្លាញដីប្រមាណជិត ៤.៨០០ហិកតា។
នៅក្នុងខេត្តឡង់ដេនៅភាគនិរតី អ្នកពន្លត់អគ្គីភ័យរហូតដល់ ៣៥០នាក់នៅតែត្រូវបានដាក់ពង្រាយ បើទោះបីជាភ្លើងត្រូវបានទប់ស្កាត់កាលពីថ្ងៃចន្ទបន្ទាប់ពីបានដុតបំផ្លាញដី ៣.៦០០ហិកតាក៏ដោយ។
នៅប្រទេសអេស្ប៉ាញវិញ ភ្លើងឆេះព្រៃនៅតំបន់សៀរ៉ា អូស្តេ នៃទីក្រុងម៉ាឌ្រីដ នៅតែមានស្ថេរភាពពេញមួយយប់ដោយគ្មានការឆេះឡើងថ្មីណាមួយឡើយ។ នេះបើយោងតាមកាសែតប្រចាំថ្ងៃ El Pais បានចេញផ្សាយ។
កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យនៅតែបន្តគ្រប់គ្រងភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុងតំបន់ម៉ាឌ្រីដ អាវីឡា តូលេដូ កាស្ទេឡុន និងអាល់មេរីយ៉ា ខណៈដែលប្រទេសអេស្ប៉ាញក៏កំពុងត្រៀមខ្លួនសម្រាប់រលកកំដៅមួយផ្សេងទៀត។
ប្រជាពលរដ្ឋនៅក្នុងក្រុងចំនួន១៥ នៅម៉ាឌ្រីដ និងអាវីឡា បានវិលត្រឡប់ទៅកាន់ផ្ទះវិញកាលពីយប់ថ្ងៃអង្គារ ខណៈដែលប្រជាពលរដ្ឋចំនួន៩.០០០នាក់នៅកាស្ទេឡុន និងប្រជាពលរដ្ឋចំនួន ៦.០០០នាក់មកពីក្រុងចំនួន១១ នៅតូលេដូ ក៏ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ។
ភ្លើងឆេះព្រៃនៅ Vall d'Uixo ក្នុងទីក្រុងកាស្ទេឡុន ដែលបានឆេះចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក បានឆេះបំផ្លាញផ្ទៃដីចំនួន ១០.០០០ហិកតា និងបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ១០.០០០នាក់ ហើយនៅតែមិនទាន់អាចគ្រប់គ្រងបាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





