ព្រះសង្ឃនិមន្តគោចរបិណ្ឌបាតចំនួន ២០០អង្គ នាថ្ងៃចូលព្រះវស្សា
AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញរាប់បាតព្រះសង្ឃនិមន្តគោចរបិណ្ឌបាតចំនួន២០០អង្គ ដែលជាថ្ងៃចូលព្រះវស្សា និងជាបុណ្យប្រពៃណីជាតិដ៏ធំដើម្បីឧទ្ទិសកុសល និងបូជាចំពោះព្រះរតនត្រៃ នៅបរិវេណខាងមុខសាលាខេត្តកំពង់ស្ពឺ។

ពិធីបុណ្យក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីចូលរួមចាប់មគ្គផល និងរាប់បាតប្រគល់ទានថ្វាយព្រះសង្ឃដែលបាននិមន្តគោចរបិណ្ឌបាត។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថែរក្សា និងលើកកម្ពស់ប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តានដែលបានចែកឋានទៅ និងបួងសួងសុំសេចក្តីសុខចម្រើន សន្តិភាព និងវឌ្ឍនភាព ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺទាំងមូលផងដែរ៕


ដោយ៖ ម៉ែន ប៊ុនធីម





