សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបើកយុទ្ធនាការផ្សព្វផ្សាយវិធានការ ការពារជំងឺគ្រុនឈាម នៅក្រុងតាខ្មៅ
AKP កណ្តាល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- លោកស្រី រិន ច័ន្ទម៉ារីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារសាខា អនុសាខាក្រុងតាខ្មៅ មន្ត្រីជំនាញនៃការិយាល័យសុខាភិបាលក្រុង និងក្រុមពាក់ព័ន្ធក្នុងសង្កាត់ បានបើកយុទ្ធនាការផ្សព្វផ្សាយវិធានការ ការពារជំងឺគ្រុនឈាម និងចុះបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបេត នៅភូមិចំនួន៤ ក្នុងសង្កាត់សិត្បូ និងភូមិកោះគរ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ជាពិសេសក្នុងរដូវវស្សា ដែលជារដូវមានហានិភ័យខ្ពស់នៃការកើនឡើងជំងឺ។

ក្នុងយុទ្ធនាការនេះ ក្រុមការងារបានចុះអនុវត្តសកម្មភាពដោយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ និងតាមគ្រឹះស្ថានសិក្សានានា ដោយធ្វើការបាញ់ថ្នាំសម្លាប់មូសនៅបរិវេណសាលារៀន និងទីតាំងដែលមានហានិភ័យ ព្រមទាំងដាក់ថ្នាំអាបេតនៅក្នុងពាងទឹក អាងទឹក ធុងស្តុកទឹក និងកន្លែងផ្ទុកទឹកផ្សេងៗ ដើម្បីកម្ចាត់ដង្កូវទឹក និងកាត់បន្ថយប្រភពបង្កាត់ពូជមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ទន្ទឹមនឹងការចុះអនុវត្តសកម្មភាពខាងលើ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ អំពីមូលហេតុនៃការកើតជំងឺគ្រុនឈាម វិធីនៃការចម្លង រោគសញ្ញា និងវិធានការបង្ការដែលអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃ។ ក្រុមការងារបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានជុំវិញលំនៅឋាន និងសាលារៀន ដោយលុបបំបាត់ទឹកដក់ សម្អាតទីធ្លា បិទគម្របធុង ឬពាងស្តុកទឹកឱ្យបានជិត និងសហការជាមួយមន្ត្រីជំនាញក្នុងការដាក់ថ្នាំអាបេត និងអនុវត្តវិធានការបង្ការផ្សេងៗឱ្យបានទៀងទាត់។

យុទ្ធនាការនេះមិនត្រឹមតែផ្តោតលើការកម្ចាត់មូស និងដង្កូវទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងបង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានជាប់ជាប្រចាំ ព្រោះការចូលរួមពីសហគមន៍ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺ និងការពារសុខភាពសាធារណៈ។

ក្នុងឱកាសនោះ លោកស្រី រិន ច័ន្ទម៉ារីណា នាយិកាសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដោយរក្សាអនាម័យបរិស្ថាន លុបបំបាត់ប្រភពបង្កាត់ពូជមូស និងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីរួមគ្នាកសាងសហគមន៍ដែលមានសុវត្ថិភាព មានអនាម័យ និងចៀសផុតពីការគំរាមកំហែងនៃជំងឺគ្រុនឈាម៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





