ឯកឧត្ដម ឡាយ ព្រហស្ថ ហនុរាម ចូលរួមក្នុងកម្មវិធីបើកវគ្គស្តីពីការពង្រឹងសមត្ថភាពសេវាគាំទ្រការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ឡាយ ព្រហស្ថ ហនុរាម អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គស្តីពីការពង្រឹងសមត្ថភាពសេវាគាំទ្រដែលមានការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត សម្រាប់មន្រ្តីមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មន្រ្តីមជ្ឈមណ្ឌលជាតិ បន្សាបនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកណ្តាលស្ទឹង និងមន្រ្តីមណ្ឌលយុវនីតិសម្បទា នៅមជ្ឈមណ្ឌលថែទាំនិងស្តារនីតិសម្បទាជនវិបល្លាសស្មារតីកណ្តាលស្ទឹង។

ឯកឧត្តម ឡាយ ព្រហស្ថ ហនុរាម បានលើកឡើងថា នេះជាកម្មវិធីបេីកវគ្គរំលឹកស្តីពីការពង្រឹងសមត្ថភាពសេវាគាំទ្រដែលមានការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្តដែលមានគោលបំណង ជួយពង្រឹងដល់មន្រ្តីអនុវត្តផ្ទាល់ដែលធ្វើការងារជាមួយជនរងគ្រោះបង្កើនការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត និងពង្រឹងសុខុមាលភាពផ្លូវចិត្តផ្ទាល់ខ្លួនតាមរយៈការយល់ដឹងពីរបៀបផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តខ្លួនឯង ព្រមទាំងជួយពង្រឹងអំពីដែនកំណត់ខ្លួនឯងក្នុងនាមជាអ្នកផ្តល់សេវាថែទាំ និងការយល់ដឹងបន្ថែមលើទស្សនៈវិជ្ជមានក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះប្រកបដោយប្រសិទ្ធិភាព។

នៅក្នុងវគ្គរំលឹកនេះមានការអញ្ជើញចូលរួមពីអគ្គនាយិការងសេវាសង្គមកិច្ច អគ្គនាយិការងស្តារសម្បទា អនុប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ ប្រធានមជ្ឈមណ្ឌល និងសិក្ខាកាម សរុបចំនួន៣៣នាក់៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





