រដ្ឋបាលខេត្តកណ្ដាលប្រគេនទៀនព្រះវស្សាដល់វត្តចំនួន១៦ ក្នុងក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៦វត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការ ក្នុងខេត្តកណ្តាល ជាច្រើនរូបផងដែរ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ការនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ គឺដើម្បីទ្រទ្រង់ដល់ព្រះសង្ឃក្នុងការបំពេញវត្តប្រតិបត្តិ សិក្សារៀនសូត្រធម៌វិន័យ ក្នុងអំឡុងពេលចូលព្រះវស្សារយៈពេល៣ខែ ដែលទង្វើ និងទឹកចិត្តជ្រះថ្លានេះ មិនត្រឹមតែជាការចូលរួមលើកស្ទួយ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសាងកុសលផលបុណ្យ ដើម្បីប្រាថ្នាសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាលទាំងមូលផងដែរ។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តកណ្ដាលបាននាំយកគ្រឿងទេយ្យទាន និងបច្ច័យប្រគេនក្នុងមួយវត្តៗ រួមមាន បច្ច័យ១លានរៀល ទៀនវស្សា១គូ សាដក១ អង្ករ ២០០ គីឡូក្រាម ទឹកសុទ្ធ១០កេស ភេសជ្ជៈ១០កេស មី១០កេស ត្រីខ១០យួរ ទឹកត្រី០៤យួរ ទឹកស៊ីអ៊ីវ០៤យួរ តែ៥គីឡូក្រាម ទឹកដោះគោខាប់១កេស ស្ករស១បាវ និងម៉ាស៊ូត៣០លីត្រ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





