មន្ទីរសុខាភិបាលខេត្តតាកែវបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ យុទ្ធនាការលុបបំបាត់ជំងឺគ្រុនឈាមរយៈពេល៣០ថ្ងៃ
AKP តាកែវ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យនូវផែនការយុទ្ធនាការ លុបបំបាត់ជំងឺគ្រុនឈាមរយៈពេល៣០ថ្ងៃ របស់មន្ទីរសុខាភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៦ ប្រធាន អនុប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់មន្ទីរ និងស្រុកប្រតិបត្តិទាំង៦ទូទាំងខេត្តតាកែវ ដោយពិធីនេះរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានគូសបញ្ជាក់អំពីហានិភ័យនៃជំងឺគ្រុនឈាមក្នុងរដូវវស្សា។ហើយមន្ត្រីសុខាភិបាល និងក្រុមការងារជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាយ៉ាងសកម្ម និងម៉ឺងម៉ាត់ក្នុងការអនុវត្តផែនការយុទ្ធនាការ៣០ថ្ងៃនេះ ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន ដើម្បីទប់ស្កាត់ការរាតត្បាត និងលុបបំបាត់ប្រភពចម្លងជំងឺគ្រុនឈាមឱ្យបានទាន់ពេលវេលា។

លោកប្រធានមន្ទីរក៏បានណែនាំ និងដាក់ចេញនូវវិធានការ អនុវត្តប្រកបដោយប្រសិទ្ធភាព ដោយជំរុញការសម្អាតបរិស្ថានជុំវិញខ្នងផ្ទះ បំផ្លាញចោលនូវរាល់វត្ថុដក់ទឹក ដែលជាជម្រកមូសខ្លា ដូចជា សំបកកង់ឡានចាស់ៗ ត្រឡោកដូង ថង់ប្លាស្ទិក កំប៉ុង និងសំបកដបផ្សេងៗ។ចុះយុទ្ធនាការដាក់ថ្នាំអាបែតតាមពាងទឹក អាងទឹក ឬអាងស្តុកទឹក តាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ចាត់តាំងកម្លាំងបាញ់ថ្នាំសម្លាប់មូស ជុំវិញតំបន់ដែលមានហានិភ័យ និងតំបន់សង្ស័យមានការផ្ទុះឡើងនៃជំងឺគ្រុនឈាម។ តាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម ដល់គ្រូពេទ្យព្យាបាលជំងឺគ្រុនឈាម នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក។ ដើម្បីពង្រឹងគុណភាពនៃការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក ឱសថការី ផាន់ វ៉ាន់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីសុខាភិបាល ក្នុងការថែរក្សាអនាម័យជុំវិញផ្ទះ និងការពារកូនចៅកុំឱ្យមូសខាំ ដើម្បីរួមគ្នាការពារសុខភាពគ្រួសារ និងសហគមន៍ទាំងមូល៕
ដោយ អ៊ុច សៀង





