អង្គភាពប្រឆាំងអំពើពុករលួយ វាយតម្លៃខ្ពស់អំពីប្រព័ន្ធរៀបចំការប្រឡងបាក់ឌុប ក្នុងខណៈបានត្រៀមអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង៤ពាន់នាក់ជាស្រេចដើម្បីចូលរួម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦–អង្គភាពប្រឆាំងអំពើពុករលួយបាន វាយតម្លៃខ្ពស់អំពីប្រព័ន្ធរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ ហៅថាបាក់ឌុប ដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយបានចាត់ទុកថាជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់ និងក៏ដូចជាត្រូវពង្រឹងជាលំដាប់ ធានាបានការប្រឡងមួយ ដែលតម្លាភាព យុត្តិធម៌ តាមស្មារតី “អ្នកចេះគឺជាប់”។
គួរបញ្ជាក់ថាការលើកឡើងរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.)ដែលបានរៀបចំឡើងនារសៀលថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៦។


អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថាស្របតាមកម្មវិធីការងាររបស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងចូលរួម សង្កេតការណ៍ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ក្នុងឆ្នាំ ២០២៦ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ អង្គភាពប្រឆាំងអំពុករលួយ បានបញ្ចប់ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤ ១៥០ នាក់ និងផ្តើមការងារ សង្កេតការណ៍ ដែលចូលរួមដោយក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ផ្ទាល់ពីដំណាក់កាលបោះពុម្ពប្រធាន វិញ្ញាសា និងវេចខ្ចប់ប្រធានវិញ្ញាសា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU)បាន ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៤ ១៥០ នាក់ ចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្របាក់ឌុប សម័យ ប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ សម្រាប់ក្នុងចំណោមអ្នកស្ម័គ្រចិត្តសរុប ៤ ១៥០នាក់ នឹងត្រូវចូលរួម សង្កេតការណ៍ តាមមណ្ឌលប្រឡងរាជធានី-ខេត្ត។ ក្នុងនោះបន្ទាយមានជ័យ ជ្រើសរើស ១៦៨នាក់, ព្រៃវែង ២៧៣នាក់, បាត់ដំបង ២៥២នាក់, ពោធិ៍សាត់ ១០១នាក់, កំពង់ចាម ២៦៥នាក់, រតនគិរី ៥៣នាក់, កំពង់ឆ្នាំង ១៣៦នាក់, សៀមរាប ៣០៤នាក់, កំពង់ស្ពឺ ១៨០នាក់, ព្រះសីហនុ ៧០នាក់, កំពង់ធំ ១៧៥នាក់, ស្ទឹងត្រែង ៣៨នាក់, កំពត ១៤៨នាក់, ស្វាយរៀង ១៣៩នាក់, កណ្តាល ៣៦៣នាក់, តាកែវ ២៧០នាក់, កោះកុង ៣៨នាក់, កែប ១៥នាក់, ក្រចេះ ៧៦នាក់, ប៉ៃលិន ២២នាក់, មណ្ឌលគិរី ២៥នាក់, ឧត្តរមានជ័យ ៤៨នាក់, ភ្នំពេញ ៧៦៧នាក់, ត្បូងឃ្មុំ ១៦៧នាក់ និងព្រះវិហារ៥៧នាក់៕


ដោយ៖មករា





