ទូតកម្ពុជាប្រចាំកូរ៉េជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦---
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Dohyung ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
ក្នុងឱកាសនៃជំនួបកាលពៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ លោក Kim បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីគម្រោងដឹកនាំគណៈប្រតិភូក្រុងផ្យង់ថេក ទៅបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅខែសីហាខាងមុខនេះ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ សាកលវិទ្យាល័យ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងរាជធានីភ្នំពេញ។

លោកក៏បានលើកឡើងអំពីកំណើននៃតម្រូវការពលករបរទេស E-9 សម្រាប់បំរើការងារក្នុងវិស័យឧស្សាហកម្មនៅតំបន់ផ្យង់ថេកផងដែរ ហើយលោកមានបំណងចង់ជំរុញឱ្យមានកូតាបន្ថែ មចំនួនពលករកម្ពុជាក្នុងទីក្រុងផ្យង់ថេក ពីព្រោះលោកទទួលបានការកោតសសេីរពីសំណាក់ថៅកែជាច្រើន ចំពោះពលករកម្ពុជា ដែលឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ។


ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតចំណងសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ និងថ្លែងអំណរគុណចំពោះបំណងចង់បានពលករ E-9 កម្ពុជា ដើម្បីបំរើការងារក្នុងទីក្រុងផ្យង់ថេក។
ឯកឧត្តម បានបន្តថា ស្ថានទូតនឹងជួយសម្របសម្រួលបន្ថែម សម្រាប់ជំនួបរវាងស្ថាប័នរដ្ឋ និងឯកជនអំឡុងពេលទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូ ក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក Kim និងគណៈប្រតិភូ ទៅកាន់ប្រទេសកម្ពុជានឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

ដោយ៖ ប៊ុនរិទ្ធ





