បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល បណ្តុះ បណ្តាលបញ្ញាសិប្បនិម្មិត ដល់សមាជិកក្លិបអ្នកកាសែតកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦---
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បញ្ញាសិប្បនិម្មិត និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា” ជូនសមាជិកក្លិបអ្នកការសែតកម្ពុជា ប្រមាណ ១៤៣នាក់ មកពី ៨២ស្ថាប័នសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាគ្រូឧទ្ទេស នៅបណ្ឌិត្យ សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ហាក់ សុខហេង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តា លនេះ ត្រូវបានសម្រិតសម្រាំងឡើង ដោយផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ រួមមានសមត្ថភាពក្នុងការបង្កើតមាតិកា ការសរសេរអត្ថបទព័ត៌មាន កែសម្រួលខ្លឹមសារ បង្កើតរូបភាព សម្លេង និងវីដេអូខ្លី ដែលជួយឱ្យការផលិតមាតិកាព័ត៌មានកាន់តែសម្បូរបែបនិងឆាប់រហ័ស ព្រមទាំងចេះប្រើប្រាស់ (AI) ដើម្បីស្វែងរកទិន្នន័យ វិភាគទិន្នន័យ និងប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីសម្គាល់ព័ត៌មានក្លែងក្លាយ ឬរូបភាព/វីដេអូក្លែងបន្លំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសវិស័យសារព័ត៌មានឌីជីថល។

ចំណេះដឹង និងជំនាញដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាទុនដ៏មានតម្លៃ និងអាចយកទៅអនុវត្តផ្ទាល់នៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារ ព្រមទាំងរួមចំណែកធ្វើឱ្យដំណើរបរិវត្តកម្មឌីជីថល។


បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បន្តពង្រឹងនិងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្លិបអ្នកកាសែតកម្ពុជា និងបណ្តាស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល ជំនាញឌីជីថលថ្មីៗ និងកម្រិតខ្ពស់ជាបន្តបន្ទាប់ ដើម្បីធានាថា អ្នកសារព័ត៌មានឌីជីថលរបស់យើងមានចំណេះដឹងនិងសមត្ថភាពជំនាញគ្រប់គ្រាន់ ។
សូមជុំរាបថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា ៕
ដោយ ណយ នឿន , ប្រភព៖ក្រសួងប្រៃណីយ៍





