អគ្គរដ្ឋទូតឡាវសរសើរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងលទ្ធផលនៃការបង្ក្រាប Scam Online
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦---
ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សនសៃ វណ្ណាសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសកំណើនអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ដ៏ច្រើនខ្វាត់ខ្វែង ទាំងក្នុងរាជធានី តាមបណ្ដាខេត្ត និងជាពិសេសតំបន់ជនបទបន្ទាប់ពីឯកឧត្តមផ្ទាល់បានធ្វើដំណើរបំពេញបេសកកម្មនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបង្ក្រាប Scam Online នៅកម្ពុជាផងដេរ។
ក្នុងវិស័យសន្តិសុខ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជា និយាយជារួម ក្នុងនោះជាពិ សេសក្រសួងមហាផ្ទៃ ដែលក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានយកចិត្តទុកដាក់អនុវត្តវិធានការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកប ដោយភាពម៉ឺងម៉ាត់ និងលទ្ធផលជាក់ស្ដែង ស្របតាមការប្ដេជ្ញាចិត្ត ដូចបានបញ្ជាក់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។


ឈរលើលទ្ធផលជាក់ស្ដែងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ និងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងមហាផ្ទៃកម្ពុជា ដោយក្នុងនោះ ក្រសួងមហាផ្ទៃត្រៀមលក្ខណៈផ្ដល់ការគាំទ្រ និងចែករំលែកបទពិសោធ នៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើនទប់ស្កាត់ និងបង្ក្រាបបទល្មើសមានលក្ខណៈសកលមួយនេះ ក្នុងនោះក៏រួមទាំងមេរៀននិងបទពិសោធនៃការអនុវត្តអនុក្រឹត្យ ០៣ផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការលើកឡើងប្រកបដោយសច្ចភាពរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវអំពីស្ថានភាពពិតជាក់ស្ដែងនៅកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិតបានលើកឡើងថា ជាប្រការជៀសមិនផុតឡើយពួកឧក្រិដ្ឋដែលគេចចេញពីការបោស សម្អាតរបស់កម្ពុជា អាចមួយចំនួនបន្តភៀសខ្លួនទៅប្រព្រឹត្តបទល្មើសនៅប្រទេសក្បែរខាង រួមទាំងប្រទេសឡាវ ដែលចាំបាច់ភាគីទាំងពីរត្រូវបន្តធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធានាថាពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងមហាផ្ទៃ




