អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប ចុះ ពិនិត្យទីតាំងដីដែលរងការទន្រ្ទាននាពេលកន្លងមក ក្នុងស្រុកសូទ្រនិគម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦--លោក ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងក្រុមការងារ កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះពិនិត្យទីតាំងដីដែលរងការទន្រ្ទាននាពេលកន្លងមក និង ផ្ទៃដីព្រៃរេចរិល ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកជីក្រែង និង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះមានកិច្ចសហការចូលរួមពីលោកអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកទាំងពីរ តំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាយសង្កាត់រដ្ឋបាលជលផល អង្គភាពជំនាញពាក់ព័ន្ធ លោកមេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយលោកមេភូមិដែលមានការពាក់ព័ន្ធ។

សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់ការពារថែរក្សាធនធានធម្មជាតិនៅតំបន់ទន្លេសាប ពិសេសព្រៃលិចទឹកនៅក្នុងតំបន់៣ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប តែងតែចាត់តាំងក្រុមការងារចុះពិនិត្យ តាមដានជាប្រចាំនៅខេត្តជុំវិញបឹងទន្លេសាប ដើម្បីចូលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដែលតែងកើតមានឡើងនៅតំបន់ជុំវិញបឹងទន្លេសាប ជាប្រចាំ៕

ដោយ៖ ណយ នឿន ,ប្រភព៖អាជ្ញាធរទន្លេសាប





