បិទ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”។
ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេក ទេស បានឡើងធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលនៃសិក្ខាសាលាដោយបានបញ្ជាក់ជូនថា ពិធីប្រកាសដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើក កម្ពស់អនាម័យជនបទឆ្នាំ ២០២៦-២០៣៣ និងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា បានប្រព្រឹត្តទៅក្នុងរយៈពេល ១ថ្ងៃ ដោយមានសមាសភាពអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សរុបប្រមាណ ១៦០នាក់។

ពិធីប្រកាស និងសិក្ខាសាលា បានដំណើរការដោយមានការធ្វើបទបង្ហាញ ការលើកឡើងជាសំនួរ និងការពិភាក្សាដើម្បីចែករំលែកបទពិសោធន៍ និងផ្ដល់ធាតុចូលល្អៗជាច្រើនលើសេចក្ដីព្រាងគោលការណ៍ណែនៃ ដែលធ្វើឱ្យគោលការណ៍ណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រាកដនិយម។
ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះអង្គពិធីទាំងមូល ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះតាំងពីដើមរហូតដល់ទីបញ្ចប់ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារអភិវឌ្ឍន៍ជនបទ ជាពិសេសការងារទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងថាក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣ ដែលមានចក្ខុវិស័យ “ប្រជាជននៅតំបន់ជនបទទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ បរិយាបន្ន ភាពធន់និងនិរន្តរភាព” ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រើប្រាស់ជាឯកសារគតិយុត្ត និងជាផែនទីបង្ហាញផ្លូវលើការអនុវត្តការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចបានជោគជ័យ ដោយផ្អែកលើគោលការណ៍ចម្បងចំនួន ៤ គឺ បរិយាបន្ន, គុណភាព, ចីរភាព និងនវានុវត្ដន៍។
ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរៀបចំនូវគោលការណ៍ណែនាំ ស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ដើម្បីប្រើប្រាស់ក្នុងការប្រមូល ចងក្រង វិភាគទិន្នន័យ និងផ្ទៀងផ្ទាត់លើការងារផ្គត់ផ្គង់ទឹកស្អាតជនបទឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។


ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការនិងចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានក្នុងការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនាពេលកន្លងមក ដែលធ្វើឱ្យវិស័យនេះទទួលបាននូវវឌ្ឍនភាពគួរជាទីមោទនៈ ដែលសបញ្ជាក់យ៉ាងច្បាស់អំពីការចូល រួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល។

ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់អង្គសិក្ខាសាលាទាំងមូលបន្តចូលរួមពង្រឹងនូវកិច្ចសហប្រតិបត្តិការក្រោមរូបភាព “សហថាមពល” ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងចូលរួមចំណែកជំរុញសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០”៕
ដោយ៖ ពេជ្រ សំអឿន,ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ





