ម៉ាឡេស៊ីទទួលយកពន្ធគយ ១០% របស់សហរដ្ឋអាមេរិក ខណៈដែលកំពុងបន្តកិច្ចចរចាដើម្បីការពារអាជីវកម្ម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីបានទទួលយកពន្ធគយ ១០% ដែលដាក់ចេញដោយសហរដ្ឋអាមេរិកក្រោមមាត្រា៣០១ ខណៈដែលបញ្ជាក់សារជាថ្មីថា កិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោននឹងបន្តការពារផលប្រយោជន៍របស់អាជីវកម្មក្នុងស្រុក។
ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) របស់ប្រទេសម៉ាឡេស៊ីបាននិយាយថា សហរដ្ឋអាមេរិកបានកំណត់ពន្ធគយ ១០% លើទំនិញម៉ាឡេស៊ីក្រោមវិធានការមាត្រា៣០១ ដែលទាក់ទងនឹងពលកម្មដោយបង្ខំ។ អត្រានេះមិនមានការផ្លាស់ប្តូរពីពន្ធគយបណ្ដោះអាសន្នពីមុនទេ។ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៧ក្នុងចំណោមប្រទេសចំនួន៦០ ដែលស្ថិតនៅក្រោមអត្រាពន្ធគយ ១០% ខណៈដែលប្រទេសដែលនៅសល់ប្រឈមមុខនឹងពន្ធគយ ១២,៥%។
យោងតាមក្រសួង MITI បានឱ្យដឹងថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានគិតគូរពីការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ីក្នុងការអនុវត្តការរឹតបន្តឹងការនាំចូលលើទំនិញដែលផលិតដោយពលកម្មដោយបង្ខំនៅពេលកំណត់អត្រាពន្ធគយ។ វិធានការនេះចូលជាធរមាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីការផុតកំណត់នៃពន្ធបណ្ដោះអាសន្នដែលដាក់ក្រោមមាត្រា១២២ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ១៩៧៤។
ក្រសួង MITI បានបន្ថែមថា ការស៊ើបអង្កេតមាត្រា៣០១ ទៅលើសមត្ថភាពឧស្សាហកម្មលើសកម្រិតដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចចំនួន១៦ដែលរួមមានទាំងប្រទេសម៉ាឡេស៊ីផងនោះ នៅតែបន្ត ហើយទីក្រុងគូឡាឡាំពួរនឹងបន្តសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ក្នុងស្រុកមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ប្រទេសម៉ាឡេស៊ីទទួលយកពន្ធដែលបានប្រកាស ប៉ុន្តែនឹងបន្តកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោនលើអត្រា ១០%។រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ចូហារី អាប់ឌុល ហ្គានី កំពុងដឹកនាំគណៈប្រតិភូម៉ាឡេស៊ីក្នុងកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅជាមួយមន្ត្រីអាម៉េរិក ដើម្បីការពារផលប្រយោជន៍អាជីវកម្មរបស់ប្រទេស៕





