ឡាវប្រគល់ជនជាតិថៃ ៦៧នាក់ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ -- អាជ្ញាធរឡាវបានប្រគល់ជនជាតិថៃចំនួន ៦៧នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបង្ក្រាបថ្មីៗនេះទៅលើការឆបោកតាមអនឡាញ និងប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់តាមអនឡាញនៅទីក្រុងវៀងចន្ទន៍។
ជនសង្ស័យត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរថៃនៅចំណុចត្រួតពិនិត្យព្រំដែនស្ពានមិត្តភាពថៃ-ឡាវទីមួយក្នុងខេត្តណងខៃ។ បន្ទាប់ពីការប្រគល់មន្រ្តីប៉ូលិស និងកងកម្លាំងសន្តិសុខថៃ បានត្រួតពិនិត្យបុគ្គលទាំងនោះផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ និងពិនិត្យមើលស្ថានភាពផ្លូវច្បាប់របស់ពួកគេ។ ការស៊ើបអង្កេតបឋមបានរកឃើញថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេជាជនរងគ្រោះនៃការជួញដូរមនុស្សទេ ខណៈដែលមិនមានដីកាចាប់ខ្លួនណាមួយត្រូវបានកំណត់អត្តសញ្ញាណ។
នៅប្រទេសឡាវ ជនសង្ស័យបានជួលផ្ទះដែលបម្រើជាមូលដ្ឋានសម្រាប់ដំណើរការគេហទំព័រល្បែងស៊ីសងតាមអនឡាញ ២៤ម៉ោងរហូតដល់កន្លែងទាំងនោះត្រូវបានរុះរើដោយអាជ្ញាធរឡាវ។
លោកវរសេនីយ៍ឯក ធីយ៉ាផាត រង្ស៊ីប្រាម៉ាន់គុល អនុប្រធានក្រុមប៉ូលិសអន្តោប្រវេសន៍ខេត្តណងខៃ បាននិយាយថា អាជ្ញាធរអន្តោប្រវេសន៍ថៃបានសម្របសម្រួលជាមួយសមភាគីឡាវរបស់ពួកគេចំពោះការប្រគល់ចំនួនប្រាំដង ដែលពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរចាប់តាំងពីដើមឆ្នាំ២០២៦ ដោយមានបុគ្គលសរុបចំនួន ៤៨០នាក់ត្រូវបានផ្ទេរ។ ករណីភាគច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងការឆបោកតាមអនឡាញ និងការលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





